ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំជាង៤៥ហិកតា ត្រូវបានកាត់ឲ្យទៅឧកញ៉ាម្នាក់
យោងតាមឯកសារមួយបានបង្ហាញថា ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅទំហំប្រមាណជាង៤៥ហិកតា ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៦ សម្រេចកាត់ទៅឲ្យលោកឧកញ៉ាម្នាក់ដែលមានឈ្មោះថា ស៊ី ជីនម៉ូវ គ្រប់គ្រងជាកម្មសិទ្ធិ។
ការសម្រេចនេះ គឺធ្វើឡើងយោងតាមសំណើរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាមសំណើនេះ រាជរដ្ឋាភិបាលក៏បានសម្រេចកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) និងកាត់ផ្ទៃដីបឹងទំហំ៤៥៦ ៥៥៣ម៉ែត្រក្រឡា ឋិតនៅភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិទួល និងភូមិបឹងខ្ទំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្វើអនុបយោគជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ ដើម្បីប្រគល់ឲ្យទៅឈ្មោះ ស៊ី ជិនម៉ូវ គ្រប់គ្រងជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៣២អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
គួរបញ្ជាក់ដែរថា កាលពីអំឡុងដើមឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា (នីតិកាលទី៥នៃរដ្ឋសភា) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ធ្លាប់បានសម្រេចកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៣ ២៣៩,៧ហិកតា ឋិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ការអះអាងថា «តាមការចាំបាច់របស់រាជរដ្ឋាភិបាល» ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។