ថៃ៖ បាញ់សម្លាប់មនុស្ស ៣៤នាក់នៅកុមារដ្ឋាន រួចបាញ់សម្លាប់ប្រពន្ធកូនហើយធ្វើអត្តឃាត
ចំនួនអ្នកស្លាប់បានកើនឡើង ដល់៣៤នាក់ក្នុងការបាញ់ប្រហារនៅកុមារដ្ឋានស្ថិតក្នុងខេត្ត Nong Bua Lamphu ភាគឦសានប្រទេសថៃ នាថ្ងៃទី៦ខែតុលានេះ។
លោក Archon Kraitong អ្នកនាំពាក្យកម្លាំងប៉ូលិសថៃបានឱ្យដឹងថា មានមនុស្សស្លាប់កើនឡើង ដល់៣៤នាក់ ក្នុងនោះមានកុមារ២២នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងដែរថា រដ្ឋាភិបាលបានស្នើដល់កងកម្លាំងចាត់វិធានការតាមចាប់ជនដៃដល់ឱ្យបាន។
សារព័ត៌មាន Khaosod បានដកស្រង់សម្តីមន្ត្រីថៃដែលបានឱ្យដឹងថា ជនដៃដល់បានគេចខ្លួនតាមរថយន្តម៉ាក Toyota Vigo ពណ៌ ស មានពាក់ស្លាកលេខ Bangkok។
ចំណែកសារព័ត៌មាន Thaiger បានផ្សាយថា ជនដៃដល់មានឈ្មោះ Panya Khamrap អាយុ៣៤ឆ្នាំ ត្រូវបានដកចេញពីក្របខ័ណ្ឌប៉ូលិសដោយសារតែប្រើប្រាស់គ្រឿងញៀន។
ចំណែកសារព័ត៌មានរ៉យទ័រវិញ បានផ្សាយថា ក្រោយពេលជនដៃដល់បាញ់ប្រហារសម្លាប់មនុស្សជាច្រើនរួចមក ក៏បានមកផ្ទះសម្លាប់ប្រពន្ធនិងកូន រួចធ្វើអត្តឃាត ខ្លួនឯង។
នៅពេលនេះដែរ អាណាព្យាបាលសិស្សជាច្រើនបានមកជួបជុំនៅមុខកុមារដ្ឋាន ដោយស្រែកយំយ៉ាងខ្លាំង ទាំងក្តីអស់សង្ឃឹម ។
កាលពីខែកុម្ភៈឆ្នាំ២០២០ ក៏មានករណីបាញ់ប្រហារទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសថៃដែរ បង្កឡើងដោយទាហានម្នាក់ឈ្មោះ Jakrapanth Thomma ក្រោយពេលបាញ់សម្លាប់មេរបស់ខ្លួន ក៏បន្តទៅបាញ់ប្រហារនៅក្នុងផ្សារទំនើបបណ្តាលឱ្យមានអ្នកស្លាប់ជាច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។