សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​រដ្ឋមន្ត្រី​ឧ​ត្ត​មសិ​ក្សា​វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​ថៃ ចូលជួប​សម្តែង​ការគួរសម​

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែតុលា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អនេក ឡៅ​ថាំ​ម៉ា​តាស់ (Anek Laothamatas) រដ្ឋមន្ត្រី​ឧ​ត្ត​មសិ​ក្សា​វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍ នៃ​ព្រះរាជាណាចក្រ​ថៃ ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុងជំនួប​នេះ ឯកឧត្តម Anek Laothamatas បាន​គោរព​ថ្លែង​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានអនុញ្ញាត​ឲ្យ​ឯកឧត្តម និង​គណៈប្រតិភូ​ចូលជួប​សម្ដែង​ការគួរសម​នៅពេលនេះ និង​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ថៃ ជូន​ចំពោះ​សម្ដេច​តេ​ជោ​។

ឯកឧត្តម​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​គោលបំណង​របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ ទី​១)​គោរព​សូម​ផ្ដល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស នៅ​សាកលវិទ្យាល័យ​ល្បីៗ​របស់​ព្រះរាជាណាចក្រ​ថៃ​។ ទី​២)​តាមរយៈ​ការអនុញ្ញាត​ឲ្យ​អ្នកស្រាវជ្រាវ វិទ្យាសាស្ត្រ​កម្ពុជា ទៅ​ចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ លើ​វិស័យ​ជាច្រើន រួមទាំង​វិស័យ​តារាសាស្ត្រ វិស័យ​ជីវសាស្ត្រ វិស័យ​អាហារ​សាស្ត្រ និង​វិស័យ​ដទៃទៀត​។ និង​ទី​៣) សូម​គោរព​ជូន​នូវ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សុខាភិបាល ជាពិសេស​លើ​ជំនាញ​ឯកទេស​។ លើសពីនេះទៅទៀត ឯកឧត្តម​ក៏បាន​គោរព​អញ្ជើញ​ប្រតិភូ​កម្ពុជា ដើម្បី​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​វិស័យ​ដែល​អាច​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ថៃ ជាពិសេស​លើ​វិស័យ​អប់រំ​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Anek Laothamatas ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ នៃ​ព្រះរាជាណាចក្រ​ថៃ​ចំពោះ​សម្ដេច ។​ សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការផ្ដល់​អាហារូបករណ៍ ការផ្ដល់​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​វិស័យ​សុខាភិបាល ។

សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បន្តថា កម្ពុជា​ត្រូវការ និស្សិត​ទៅ​សិក្សា​លើ​ជំនាញ​នោះ លើ​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត រួមទាំង​ការស្រាវជ្រាវ​ផងដែរ​។ ក្នុងន័យនេះ សម្ដេច​តេ​ជោ​បាន​ស្នើសុំ​ឲ្យ​មានការ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានល្អ និង​កាន់តែ​ស៊ីជម្រៅ​។ ជាមួយគ្នា​នោះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រគល់ជូន​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និង​នវានុវត្តន៍ ទៅធ្វើ​ទស្សនកិច្ច​សិក្សា​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម Anek Laothamatas ផងដែរ​។

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ​ផងដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សំដែង​នៅ​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការបាញ់ប្រហារ​នៅ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​ចូលរួម​សម្ដែង​នូវ​ការសោកស្ដាយ​ជាទីបំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close