កម្ពុជាកំពុងរៀបចំច្បាប់គ្រប់គ្រង ដ្រូន ដើម្បីការពារសន្តិសុខជាតិ

ក្រសួងមហាផ្ទៃកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលក្នុងនោះមាន៨ជំពូក និង៣៥មាត្រា ដើម្បីការពារសន្តិសុខជាតិ។

សេចក្តីព្រាងអនុក្រឹត្យនេះ បង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យនេះមានការចូលរួមផ្តល់ធាតុចូលពីក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃជាង៤០លើក។ ឯកឧត្តមបន្តថា សេចក្ដីព្រាងអនុក្រឹត្យនេះក៏បានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួងជាបន្តបន្ទាប់ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកដំឡើង អ្នកកែច្នៃនៅលើដែនដីកម្ពុជាលើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

គូសបញ្ជាក់ផងដែរថា សម្រាប់វិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី បានប្រើប្រាស់អាកាសយាន​គ្មានមនុស្សបើក ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតដំណាំ ថតពិនិត្យផលដំណាំ។ ម្យ៉ាងវិញទៀត វាបានសន្សំពេលវេលា និងការចំណាយ, សុវត្ថិភាពជាងមនុស្សបាញ់ថ្នាំដំណាំផ្ទាល់ ដែលមិនបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព, ទទួលបានទិន្នន័យរហ័សសម្រាប់ការវិភាគកសិដ្ឋានត្រឹមត្រូវ, បង្កើនទិន្នផលដំណាំ និងជួយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ ដ្រូនបានផលប្រយោជន៍ជាច្រើនផ្សេងដូចជា ការជួយសង្គ្រោះជីវិតមនុស្សសត្វពេលមានអគ្គិភ័យកើតឡើង ឬមានបាតុភូតធម្មជាតិផ្សេងៗផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close