តើមូលហេតុអ្វីបានជាមានការបញ្ចប់មុខតំណែង លោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ?
លោក វេង សាខុន ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈពេលលោកកំពុងតែវិលត្រឡប់មកកម្ពុជាក្រោយពីបញ្ចប់បេសកកម្មការងារនៅអឺរ៉ុប។
ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មិនបានបញ្ជាក់ពីមូលហេតុនៃការដកមុខតំណែងលោក វេង សាខុន ឡើយ។ យ៉ាងណាក៏ដោយ គេសង្កេតឃើញមានរឿងរ៉ាវលេចធ្លោចំនួនដែលអាចជាមូលហេតុបណ្តាលឲ្យមានការដកតំណែងនេះ ក្នុងនោះរួមមាន៖
បញ្ហាសត្វពពែ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីកសិកម្មបកស្រាយរឿងមន្ត្រីកសិកម្ម ដែលបានចាប់សាច់ពពែរបស់ពលរដ្ឋ ដោយសម្ដេចតេជោថា ជារឿងមិនអាចទទួលយកបាន និងបង្ហាញការអាណិតចំពោះពលរដ្ឋដែលរងគ្រោះពីរឿងនេះផងដែរ។ សម្ដេចតេជោ បានបញ្ជាឲ្យពិនិត្យពីការរៀបចំច្បាប់លើរឿងនេះផងដែរ។
រឿងបន្ទាប់ដែលគេគិតថា ធ្វើឱ្យមានបញ្ហាខ្លាំងបំផុតគឺទាក់ទងជាមួយនឹងការមិនអនុញ្ញាតឲ្យមានការនាំចូលសត្វជ្រូកពីក្រៅប្រទេស ដែលនៅពេលនោះគឺមានការឆ្លើយឆ្លងគ្នារវាងរដ្ឋមន្ត្រីពីរគឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ផ្ទាល់តែម្ដង។ នៅពេលនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានចេញបញ្ជាដោយផ្ទាល់ឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចចាត់ចែងលើរឿងនេះ ខណៈបានស្ដីបន្ទោសលោក វេង សាខុន ផងដែរ។
នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចង្អុលមុខស្តីបន្ទោសខ្លាំងៗដល់លោក វេង សាខុន តែម្ដងថា ជារដ្ឋមន្ត្រីមិនចេះសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត។ ពេលនោះសម្ដេចតេជោក៏ព្រមានដែរថាសម្ដេចប្រើពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដើម្បីដករដ្ឋមន្ត្រីណាមួយចេញពីតំណែង។
ជាមួយគ្នានេះ នៅព្រលប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់តាំងមន្ត្រីជំនាញក្រសួងកសិកម្ម ចុះទៅតាមមូលដ្ឋាននានា ដើម្បីវាយតម្លៃអំពីទំហំនៃការខូចខាតវិស័យកសិកម្ម ដែលបង្កឡើងដោយទឹកជំនន់ និងរៀបចំពូជស្រូវ និងដំណាំ ដើម្បីជួយពលរដ្ឋ។ ត្រង់នេះ គេអាចកត់សម្គាល់បានថា មូលហេតុចុងក្រោយដែលបណ្តាលឲ្យមានការដកតំណែងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម គឺប្រហែលដោយសារលោកបានសាងកំហុស ខណៈបណ្តាខេត្តជាច្រើនរបស់កម្ពុជាជាច្រើនកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យខូចខាតផលដំណាំកសិកម្មជាច្រើននោះ តែរដ្ឋមន្រ្តីក្រសួងកសិកម្មបែរជាចេញទៅក្រៅប្រទេសទៅវិញ។ របាយការណ៍ស្តីពីការខូចខាតដំណាំកសិកម្មដែលសម្តេចនាយករដ្ឋមន្រ្តីបានលើកឡើង មិនបានមកពីក្រសួងកសិកម្មនោះទេ តែបែរជាបានមកពីខាងគ្រប់គ្រងគ្រោះមហន្តរាយទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។