រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំដល់ក្រុម FIRST Global មុនចេញទៅប្រកួតកម្មវិធីប្រកួត 2022 FIRST Global Challenge
ភ្នំពេញ៖ នាចុងសប្តាហ៍នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុម FIRST Global Team Cambodia តំណាងកម្ពុជា ចូលជួបសម្ដែងការគួរសម និងផ្ដល់អនុសាសន៍មួយចំនួន មុននឹងពួកគេចេញទៅប្រកួតក្នុងកម្មវិធីប្រកួត FIRST Global Challenge 2022 ដែលជាប្រភេទការប្រកួតរ៉ូបូតបែបអូឡាំពិក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយនឹងបណ្ដាប្រទេសជាង ១៨០ប្រទេសជុំវិញពិភពលោក ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ គួរបញ្ជាក់ឱ្យដឹងថានេះគឺជាការចូលរួមប្រកួតលើកទី៥ របស់ប្រទេសកម្ពុជា។
ក្រុម FIRST Global Team Cambodia ដែលនឹងធ្វើដំណើរទៅប្រកួតមានសមាជិក ៥នាក់ និងគ្រូបង្វឹក ២នាក់ មកពីសាលាអ៊ីធូស្ទេម E2STEM។ ប្រធានបទនៃការប្រកួតកម្មវិធី FIRST Global Challenge 2022 គឺ Carbon Capture មានន័យថា “ដំណើរការនៃការចាប់យកកាបូនឌីអុកស៊ីតដែលមាននៅក្នុងស្រទាប់បរិយាកាស ដើម្បីស្តុកទុកក្រោមទម្រង់ណាមួយ”។ ក្នុងជំនួបនេះក្រុម FIRST Global Team Cambodia បានបង្ហាញអំពីសមិទ្ធផលរយៈពេលបីខែកន្លងមក ដែលពួកគេបានចាប់ដៃរួមគ្នាជាក្រុមដើម្បីត្រៀមខ្លួនទៅប្រកួតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការខិតប្រឹងប្រែងសិក្សារបស់ក្រុម FIRST Global Team Cambodia និងលើកទឹកចិត្តឱ្យពួកគេបន្តការសិក្សាលើមុខជំនាញវិទ្យាសាស្ត្រថ្មី រួមទាំងជំនាញមនុស្សយន្ត កូដ និងបច្ចេកវិទ្យាផ្សេងៗទៀត។ បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យពួកគេបន្តសិក្សាជំនាញទន់ដូចជា ការត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ ភាពអាចបត់បែនបានតាមកាលៈទេសៈ ការធ្វើការងារជាក្រុម ចំណេះដឹងទាក់ទងទៅនឹងសង្គម របៀបក្នុងការដោះស្រាយបញ្ហាជាដើម ដើម្បីចាប់យកការងារជាអាជីពរបស់ពួកគេនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។