កម្ពុជា នាំចេញស្រូវ និងអង្ករ ទទួលបានចំណូល ៨៥០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំនេះ
ភ្នំពេញ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករ ទទួលចំណូលជិត៨៥០លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ដែលក្នុងនោះ ប្រទេសចំនួន៩បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន៤៤.០៩% ប្រទេសបារាំង១៤.៨៣% ប្រទេម៉ាឡេស៊ី ៥.៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២.៦៥% ប្រទេសហ្កាប៊ុង២.៦៣% ប្រទេសព្រុយណេ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាល្លឺម៉ង់ ២.០៨%។
ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ ៤៨១តោន អង្ករសែនក្រអូបចំនួនជិត២៩% ឬ១២៨ ៧៥៣តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣ ៣១៨តោន អង្ករចំហុយជាង ២% ឬ ១០ ៦៨០តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨ ១០៦តោន។
ដោយឡែក ស្រូវបានចំនួន ២,៣៥៧,៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤ លាន ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។