តម្លៃ​សាំង​ធម្មតា បន្ត​លក់ ៤ ២៥០​រៀល​ដដែល ខណៈ​ម៉ា​ស៊ូ​ត ៥ ១៥០​រៀល ឡើងថ្លៃ ៤៥០​រៀល ក្នុង​១​លីត្រ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ប្រកាស​ពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅតាម​ស្ថានីយ​នានា​ដោយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ ត្រូវ​លក់​សាំង​ធម្មតា​តម្លៃ ៤ ២៥០​រៀល​ដដែល ខណៈ​ប្រេងម៉ាស៊ូត ត្រូវ​លក់ ៥ ១៥០​រៀល ឡើងថ្លៃ ៤៥០​រៀល ក្នុង​១​លីត្រ បើ​ធៀប​នឹង​១០​ថ្ងៃមុន​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១១ ដល់​២០ ខែតុលា ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤ ៥១៨​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៥ ៤១៨​រៀល ក្នុង​មួយ​លីត្រ​។​

​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​។ ដូច្នេះ​តម្លៃ​ប្រេងសាំង លក់​តម្លៃ ៤ ២៥០​រៀល និង​ប្រេងម៉ាស៊ូត​លក់ ៥ ១៥០​រៀល ក្នុង​មួយ​លីត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close