វៀតណាម៖ តម្លៃសាំងឡើងថ្លៃលើកដំបូង ក្រោយធ្លាក់ចុះជិត ៣ខែ
ជាលើកដំបូងក្នុងរយៈពេលជិត ៣ខែ តម្លៃសាំង RON95 នៅវៀតណាម បានកើនឡើង ២.៦% បន្ទាប់ពីអ្នកលក់រាយបានត្អូញត្អែរម្តងហើយម្តងទៀតថា តម្លៃលក់រាយទាបធ្វើឱ្យពួកគេលក់ដោយខាតបង់។
ចាប់ពីម៉ោង ៣ រសៀលថ្ងៃអង្គារ ទី១១ ខែតុលា សាំង RON95 ត្រូវបានលក់ក្នុងតម្លៃ ២២០០០ដុង (០.៩២ ដុល្លារ) ក្នុងមួយលីត្រ ដោយបញ្ចប់ខ្សែសង្វាក់នៃការថយចុះ ប្រាំបួនដង ជាប់ៗគ្នា។ ឥឡូវនេះ តម្លៃសាំងបានស្ថិតនៅក្នុងកម្រិតដូចគ្នាទៅនឹងខែធ្នូឆ្នាំមុន។ តម្លៃជីវឥន្ធនៈ E5 RON92 បានកើនឡើង ២.៧% ដល់ ២១២៩០ ដុង។
តម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៨.៨% ដល់ ២៤១៦០ដុងក្នុងមួយលីត្រ ដោយត្រឡប់ទៅកម្រិតដែលបានកត់ត្រា ក្នុងខែមេសា។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុបានទទួលស្គាល់ថ្លៃដឹកជញ្ជូនឥន្ធនៈខ្ពស់ កាលពីថ្ងៃអង្គារ ឆ្លុះបញ្ចាំងពីតម្លៃលក់រាយ។ វាបានកើនឡើង ១៦% សម្រាប់ E5 RON92 និង ៣៣% សម្រាប់ RON95។
ការកើនឡើងតម្លៃនេះបានកើតឡើងនៅពេលដែលស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១២១ នៅទីក្រុងហូជីមិញ អស់ប្រេងឥន្ធនៈ គិតត្រឹមថ្ងៃច័ន្ទ ខណៈដែលតំបន់ភាគខាងត្បូងផ្សេងទៀតដូចជា Binh Duong, Dong Nai, Binh Phuoc, Kien Giang និង An Giang ក៏កំពុងកត់ត្រាការខ្វះខាតការផ្គត់ផ្គង់ផងដែរ។
ទោះជាយ៉ាងនេះក្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា កង្វះខាតសាំងមិនរីករាលដាលទេ ដោយសារមានស្ថានីយ៍ប្រេងឥន្ធនៈសរុបចំនួន ១៧,០០០កន្លែងក្នុងប្រទេស ហើយមានតែជាង ១០០ប៉ុណ្ណោះដែលកំពុងខ្វះខាត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។