ករណី​លិច​ទូក​ដឹក​កូនសិស្ស នៅ​ស្រុក​លើកដែក ចំនួន​អ្នកស្លាប់​ឡើងដល់ ៨​នាក់ ជួយសង្គ្រោះ ៤​នាក់ បាត់​ខ្លួន ៣​នាក់​ទៀត​

​ខេត្តកណ្តាល​៖ ហេតុការណ៍​ដ៏​តក់ស្លុត​លិច​ទូក​ចម្លង​ដឹក​កូនសិស្ស​ចេញពី​សាលា​ទៅផ្ទះ នៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២២ រហូតមកដល់​ព្រឹក​ថ្ងៃនេះ ក្រុម​ជួយសង្គ្រោះ​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់ និង​បាន​រកឃើញ​សព​កើនឡើង​៨​នាក់​ហើយ ខណៈ​៤​នាក់​ត្រូវបាន​ជួយសង្គ្រោះ និង​៣​នាក់​ទៀត​កំពុង​បន្ត​បាត់​ខ្លួន ដែល​តាម​ការសន្និដ្ឋាន​នោះ​ពួកគេ​ក៏​អាច​ស្លាប់​ផងដែរ​។​

​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ដែល​កំពុង​ឈរជើង​ប្រចាំការ​ដឹកនាំ​កម្លាំង​ជួយ​រុករក​ជនរងគ្រោះ​នៅ​ទីនោះ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុងស្រុក នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២​នេះ​ថា នៅលើ​ទូក​ដែល​លិច​យប់មិញ​នេះ​មាន​សរុប​ចំនួន​១៥​នាក់​។​

​លោក​បាន​បញ្ជាក់ទៀតថា នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ១៥​នាក់ ក្រុម​ជួយសង្គ្រោះ បាន​រកឃើញ និង​ជួយសង្គ្រោះ​កាលពី​យប់មិញ​ចំនួន​៦​នាក់ (​ស្លាប់​២​នាក់​) ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃនេះ កម្លាំង​បាន​រកឃើញ​សព​ជនរងគ្រោះ​៥​នាក់​ទៀត ដូច្នេះ​គិត​ត្រឹម​ម៉ោង​ជិត​៩​នេះ ស្លាប់​ឡើង​៨​នាក់ បាត់​ខ្លួន​៤​នាក់ និង​នៅរស់​៣​នាក់​។​

​របា​ការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ត្រូវបាន​រកឃើញ និង​ជួយសង្គ្រោះ​នៅ​យប់មិញ​រួមមាន​៖
១៖ ឈ្មោះ ថេត គ​ន្ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ កម្មករ​បើកទូក​ដរ​ទទឹង មាន​ទីលំនៅ​សព្វថ្ងៃ​នៅ ភូមិ អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល (​រស់​)
២៖ ឈ្មោះ វ​ណ្ណី រដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​បើកទូក​ដរ​ទទឹង មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​អំ​ពិ​ទឹក​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល (​រស់​)
៣៖ ឈ្មោះ វី ចាន់​ប៊ូ​រ៉ា ភេទ​ស្រី អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស (​រស់​)
៤៖ ឈ្មោះ ផាត ទីណា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស (​ស្លាប់​)
៥៖ ឈ្មោះ ភ័​ក្រ ភានុ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស (​ស្លាប់​)
៦៖ ឈ្មោះ រឿន សា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​រស់​) អ្នក​ទាំង​៤ ខាងលើ​មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​
​ដោយឡែក​សិស្សសាលា​៩​នាក់​ទៀត ដែល​ត្រូវបាន​រកឃើញ និង​បន្ត​បាត់​ខ្លួន​រហូតមកដល់​ព្រឹក​ថ្ងៃនេះ​រួមមាន​៖
១៖ ឈ្មោះ ឧ​ត្ត​ម មុនី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​
២៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​
៣៖ ឈ្មោះ សុវត្ថិ ស​ក្ខិ​ណា ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​
៤៖ ឈ្មោះ ចាន់ សុខ​ជី​ម ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​
៥៖ ឈ្មោះ ភារ​ម្យ ដា​វីន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​
៦៖ ឈ្មោះ សុន សុផាត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​
៧៖ ឈ្មោះ បិ​ន​ដា ជូ​លី ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​
៨៖ ឈ្មោះ រី សុ​លីន ភេទ​ស្រី អាយុ​១២​ឆ្នាំ មុខរបរ​សិស្ស​
៩៖ ឈ្មោះ ផាត សុខ​ហេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​។​

​បើតាម​ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ករណីនេះ​បានកើត​ឡើង​នៅពេល​កូនសិស្ស​បានចេញ​ពី​រៀន​រួច ក៏​ជិះទូក​ឆ្លងទៅ​កាន់​ផ្ទះ​របស់​ពួកគេ នៅលើ​កូន​កោះ​ក្នុងភូមិ​កោះ​ចំរើន (​លើ​កោះមាន​ប្រហែល​៣០០​គ្រួសារ​រស់នៅ​) ស្រាប់តែ​ជួប​គ្រោះ​អកុសល​បែបនេះ​តែម្តង​។ លោក​ថា កន្លងទៅ​មិនមាន​គ្រោះថ្នាក់​បែបនេះ​កើតឡើង​នោះឡើយ តែ​លើក​នេះ​មកពី​ទឹក​ឡើង​ទើប ជួប​ហេតុការណ៍​អាក្រក់​នេះ​តែម្តង​។​

​កាលពី​យប់មិញ​ក្រោយ​មាន​ហេតុការណ៍​នេះ​ភ្លាម​, ជួសមុខ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានចេញ​បញ្ជា​ឱ្យ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ដោយ​លោក គីម រី​រៈ អគ្គលេខាធិការ នាំ​កម្លាំង​ចុះទៅ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​រុករក​ក្មេង​ជួប​គ្រោះ​លិច​ទូក​ចម្លង​នៅក្នុង​ខេត្តកណ្តាល​ទាំងយប់​។​

​ក្នុង​ប្រតិបត្តិការ​នេះ​កង​ប្រតិ​ប​ត្ត​ការរុករក និង​សង្គ្រោះ​លេខ​៩១១ ក៏បាន​ចូលរួម​ជួយ​ស្វែងរក​ជនរងគ្រោះ​ផងដែរ​។​
​ទេសរដ្ឋមន្ត្រី គន់ គីម បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម​នឹងធ្វើ​ដំណើរ​ទៅដល់​គោលដៅ​កើតហេតុ ក្រោយ​ត្រឡប់​មកពី​ខេត្ត​បន្ទាយ​មាន​យប់មិញ ដើម្បី​ដឹកនាំ​បញ្ជា​រុករក​ជនរងគ្រោះ​ដែល​បន្ត​បាត់​ខ្លួន​រហូត​បញ្ចប់​បេសកកម្ម​ការងារ​ជួយសង្គ្រោះ​មួយ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close