ការប្រឈមមុខ​តានតឹង រវាង​រុស្ស៊ី​និង​លោកខាងលិច​កាន់តែខ្លាំង​ឡើង សង្គ្រាមលោកលើកទី​៣ កាន់តែ​ខិតជិត​

​នៅពេលនេះ​រុស្ស៊ី​និង​ណា​តូ កំពុង​ប្រឈមមុខ​តានតឹង​កាន់តែខ្លាំង ក្រោយ​ពេលណា​តូ​ផ្តល់ជំនួយ​អាវុធ​ជាច្រើន​ដល់​អ៊ុយ​ក្រែ​ន ខណៈ​រុស្ស៊ី​បង្កើន​ការវាយប្រហារ ។ ក្នុងពេល​នេះដែរ​រុស្ស៊ី​បាន​ព្រមាន​ថា នឹងមាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ក្លាយជា​សង្គ្រាមលោក ប្រសិនបើ អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ណា​តូ​នោះ​។​

​អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី លោក Alexander Venediktov បានប្រកាសថា ប្រសិនបើ​ណា​តូ​ដា​ក់ប​ញ្ជូ​ល​អ៊ុយ​ក្រែ​ន​ជា​សមាជិក​នោះ សង្គ្រាមលោកលើកទីបី​នឹង​កើតឡើង​ជាមិនខាន ហើយ​ប្រទេស​សម្ព័ន្ធមិត្ត​យោធា​ដឹកនាំ​ដោយ​អាមេរិក​បានដឹង​យ៉ាងច្បាស់​ពី​ករណី​នោះ​។​

​កាលពី​ចុងខែ​កញ្ញា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បានប្រកាសថា ប្រទេស​របស់លោក​បាន​ជំរុញ​សុំចូល​ជា​សមាជិក​ណា​តូ​ឱ្យបាន​ឆាប់​បំផុត ។ សកម្មភាព​ខាងលើ​របស់​អ៊ុយ​ក្រែ​ន​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​រុស្ស៊ី រៀបចំ​ពី​ធី​ដាក់បញ្ចូល​ខេត្ត​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ TASS លោក វេ​ណេ​ឌី​ក​តូ​វ បាន​គូសបញ្ជាក់ថា «​ទីក្រុង​កៀវ​ដឹង​យ៉ាងច្បាស់​ថា ជំហាន​បែបនេះ​នឹង​ធានា​នូវ​ការកើនឡើង​កម្តៅ​ឈានទៅដល់​សង្គ្រាមលោកលើកទី​៣​។ ជាក់ស្តែង នោះ​ហើយ​ជា​អ្វីដែល​ពួកគេ​កំពុង​រំពឹង​ចង់បាន គឺ​ដើម្បី​បំពុល​ព័ត៌មាន និង​ទាញ​ការយកចិត្តទុកដាក់​ម​កលើ​ពួកគេ​»​។ លោក វេ​ណេ​ឌី​ក​តូ​វ ក៏បាន​លើកឡើង​ម្តងទៀត​នូវ​ជំហរ​របស់​រុស្ស៊ី​ចំពោះ​លោកខាងលិច​ថា តាមរយៈ​ការជួយ​អ៊ុយ​ក្រែ​ន រុ​ស្ស៉ី​នឹង​ចាត់ទុក​ពួកគេ​គឺជា​ភាគី​ផ្ទាល់​នៃ​​ជម្លោះ​។​

​ថ្មីៗ​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី បានចេញ​សេចក្តីប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ គឺ​ការដាក់​ពាក្យ​ជា​ផ្លូវការ​ដើម្បី​សុំចូល​ជា​សមាជិក​របស់​បក្ខសម្ព័ន្ធ​យោធា​ណា​តូ បន្ទាប់ពី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុ​ស្ស៉ី ធ្វើ​ពិធី​ប្រកាស​ដាក់បញ្ចូល​ទឹកដី​ចំនួន​៤​ផ្នែក​របស់​អ៊ុយ​ក្រែ​ន​ជា​ទឹកដី​រុស្ស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close