គយ ពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបដល់អស់លោក លោកស្រី សាធារណជនឱ្យបានជ្រាបថា ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សាដែលប៉ះពាល់ដល់អាជីវកម្ម របស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ ការអនុញ្ញាតពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួចមក បំពេញកាតព្វកិច្ចពន្ធនិងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមក បំពេញកាតព្វកិច្ចពន្ធនិងអាករ ឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាករ រាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានតាមការកំណត់ដូចបានជម្រាបជូនខាងលើ ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណះជាយថាហេតុ។
ក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្ដាំបានដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករគឺជា មុខសញ្ញានៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។