ចំនួនយានយន្តកើនឡើងដល់ជាង ១៩ម៉ឺនគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល១៥ថ្ងៃ
ភ្នំពេញ៖ បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១៩០.៣៤៦គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រានេះ។
កំឡុងពេល១៥ថ្ងៃនេះដែរ ថ្ងៃដែលមានលំហូរចរាចរណ៍មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ហើយត្រូវនឹងថ្ងៃសៅរ៍ ចុងសប្តាហ៍ផងដែរ។ ក្នុងថ្ងៃនោះ មានយានយន្តសរុបចំនួន ២១.៧៩៨គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។
សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៥០៦ខ្សែដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។