ពលរដ្ឋ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ់ …ធ្វើបាតុកម្មប្រឆាំង អតិផរណាកើនឡើងខ្ពស់
ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប បានបង្ហាញ ការខកចិត្តយ៉ាងខ្លាំង ដោយសារតែការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋនាំគ្នាដង្ហែរក្បួនបាតុកម្ម ទាមទារដំឡើងប្រាក់ខែ ទើបគ្រាប់គ្រាន់សម្រាប់ការចំណាយខ្ពស់។
បាតុកម្មបានរាលដាលដល់ប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប ទាមទារឲ្យរដ្ឋាភិបាល កែទម្រង់នយោបាយ ដើម្បីធ្វើឲ្យស្ថានភាពរស់នៅរបស់ពលរដ្ឋល្អប្រសើរឡើងវិញ ។ ក្រុមបាតុករក៏បានចាត់ទុកថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីគឺជាមូលហេតុបណ្តាលឲ្យអឺរ៉ុបប្រឈមបញ្ហាទាំងអស់នេះ។
ពលរដ្ឋនៅក្នុងប្រទេអេស្ប៉ាញ អាល្លឺម៉ង់ បារាំង… នាំគ្នាធ្វើបាតុកម្ម ទ្រង់ទ្រាយធំប្រឆំង និង អតិផរណាកើនឡើងខ្ពស់។ នៅក្នុងប្រទេសបារាំង បាតុកររាប់ម៉ឺននាក់ បានដើរដង្ហែក្បួនក្នុងទីក្រុងប៉ារីស ដោយបន្ថែមការប្រឆាំងនិងកំហឹងកាន់តែខ្លាំងឡើងអំពីបញ្ហាអតិផរណា ដោយបានឈានចូលដល់៣សប្តាហ៍ហើយនៃកូដកម្ម នៅរោងចក្រចម្រាញ់ប្រេងដែលបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈ នៅទូទាំងប្រទេសបារាំង។
បាតុកម្មប្រឆាំងនឹងការកើនឡើងតម្លៃក្នុងសង្គមកាលពីថ្ងៃអាទិត្យ ត្រូវបានអំពាវនាវដោយគណបក្សប្រឆាំងឆ្វេងនិយម France Unbowed ដឹកនាំដោយប្រធានគណបក្ស គឺ លោក ហ្សង់ លូច មេឡុងឆុង ( Jean-Luc Melenchon)។ វាជាការបង្ហាញកំហឹងប្រឆាំងនឹងផលរំខានដែលបង្កឡើងការឡើងថ្លៃចំណាយ និងបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ។
ក្រុមអ្នករៀបចំបាតុកម្មបានហៅសកម្មភាពនេះថាជា «ការដើរដង្ហែប្រឆាំងនឹងការកើនឡើងថ្លៃចំណាយ និងភាពអសកម្មចំពោះវិបត្តិអាកាសធាតុ»។ អ្នករៀបចំបាននិយាយថា មនុស្ស១៤០,០០០នាក់ បានចូលរួមការជួបជុំកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ខណៈមុននេះប៉ូលិសព្យាករថាមានមនុស្សប្រហែល៣០.០០០នាក់ ចូលរួមប៉ុណ្ណោះ។
សហជីពបារាំងជាច្រើនប៉ុន្តែមិនទាំងអស់ទេ បានប្រកាសកំណត់យកទិវាជាតិនៃកូដកម្មនៅថ្ងៃអង្គារសប្តាហ៍នេះ ដែលរំពឹងថានឹងអាចប៉ះពាល់ដល់ការធ្វើចរាចណ៍តាមមធ្យោបាយសាធារណៈ និងការដឹកជញ្ជូននានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។