ក្រុមហ៊ុន​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ នៅ​វៀតណាម ត្រូវ​អគ្គិភ័យ​លេប​ត្របាក

​ហាណូយ​៖ កម្មករ​បាន​រត់ចេញ​ទៅរក​កន្លែង​មាន​សុវត្ថិភាព ខណៈ​ភ្លើង​បាន​ឆាបឆេះ និង​រាលដាល​យ៉ាង​ឆាប់រហ័ស នៅ​ក្រុមហ៊ុន​ផលិត​ស្បែកជើង ជាការ​វិនិយោគ​របស់​កូរ៉េខាងត្បូង​ឈ្មោះថា ឆាង​ស៊ីន (Changshin) ដែលជា​និយោជក​ធំជាងគេ នៅ​ខេត្ត Dong Nai ភាគខាងត្បូង ប្រទេស​វៀតណាម​។​

​អគ្គិភ័យ​នេះ​ត្រូវបាន​កម្មករ​មួយចំនួន នៅ​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ដល់​ម៉ាក Nike មួយ​នេះ រកឃើញ នៅវេលា​ម៉ោង ៤​រសៀល ហើយ​ពួកគេ​បាន​រើចេញ ពី​រោងចក្រ​យ៉ាង​លឿន​។ កម្លាំង​សន្តិសុខ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​ទីតាំង​នោះ ប៉ុន្តែ​ពួកគេ​មិនអាច​ពន្លត់ភ្លើង​បានឡើយ ព្រោះថា រោងចក្រ​ប្រើ​ជ័រកៅស៊ូ និង​ផ្លា​ស្ទិ​ច​ជា​វត្ថុធាតុដើម ភ្លើង​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ពេញ​អគារ​។ កម្មករ​ត្រូវបាន​ស្នើឱ្យ​បោសសម្អាត​តំបន់​នេះ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បីឱ្យ​អ្នក​ពន្លត់​អគ្គិភ័យ​ចូលទៅ​បាន​កាន់តែ​ងាយស្រួល​។​

​នាយកដ្ឋាន​នគរបាល​បង្ការ និង​សង្គ្រោះ​អគ្គិភ័យ ខេត្ត Dong Nai បាន​បញ្ជូន​អ្នក​ពន្លត់អគ្គីភ័យ​រាប់រយ​នាក់ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង ដើម្បី​ពន្លត់ភ្លើង ហើយ​ភ្លើង​បាន​រលត់​អស់ ប្រមាណ​៣០​នាទី ក្រោយមក ដោយ​ជួយសង្គ្រោះ​យានដ្ឋាន​ជិតខាង​ពី​ការបំផ្លាញ​។​

​បើទោះបីជា​មិនមាន​មនុស្ស​បាត់បង់​ជីវិត​ក្នុង​ភ្លើង​នោះទេ ប៉ុន្តែ វត្ថុ​មានតម្លៃ​ជាច្រើន​ត្រូវបាន​បំផ្លាញ​។ យ៉ាងណាក៏ដោយ មូលហេតុ​នៃ​ការឆេះ​នេះ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ ។​

​ក្រុមហ៊ុន Changshin Vietnam បាន​ដំណើរការ​រោងចក្រ​ផលិត​ទំនិញ​ស្បែក និង​ស្បែកជើង តាំងពី​ឆ្នាំ ១៩៩៥​។ មាន​មនុស្ស​ប្រហែល ៤​ពាន់​នាក់ នាក់​ធ្វើការ នៅ​ទីនោះ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​អ្នកវិនិយោគ​ធំជាងគេ​នៅ​ខេត្ត​ភាគខាងត្បូង​។​ ​ប្រមាណ​ជា​បួន​ខែ​មុន អគ្គិភ័យ​បាន​ឆាបឆេះ​រោង ជាង​១០០០​ម៉ែត្រការ៉េ របស់​ក្រុមហ៊ុន​នេះដែរ បណ្តាល​ឲ្យ​ខូចខាត​អគារ​ជាច្រើន​ខ្នង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close