ស្លាប់​និង​របួស​ជាង ៣០​នាក់​ដោយ​យន្តហោះ​ចម្បាំង​ដាំ​ក្បាល​បុក​ខុន​ដូ នៅ​ទីក្រុង Yeysk ប្រទេស​រុ​ស្ស៉ី​

​រដ្ឋាភិបាល​រុស្ស៊ី​បានចេញ​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត ទៅលើ​ករណី​យន្តហោះ​ធ្លាក់ចំ​ផ្ទះ​ពលរដ្ឋ​បណ្តាល​ឲ្យ​មាន​អ្នកស្លា់ប​និង​របួស​ជាច្រើន ។ នៅពេលនេះ គណៈកម្មការ​ស្រាវជ្រាវ​រុស្ស៊ី នៅ​ថ្ងៃទី​១៧​ខែតុលា បានប្រកាសថា នឹង​បើក​ការស៊ើបអង្កេត​ពីបទ​ឧក្រិដ្ឋ ទៅលើ​ករណី​យន្តហោះ​ចម្បាំង Su-34 ធ្លាក់​ដាំ​ក្បាល​ចុះ​បុក​ខុន​ដូ​ពលរដ្ឋ​នៅក្នុង​ប្រទេស​រុស្ស៊ី​បណ្តាល​ឱ្យស្លាប់​និង​របួស​ជិត​៣០​នាក់​។​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែតុលា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ចម្បាំង​ចំ​អគារ​អា​ផាត​ធើ​មេន​មួយកន្លែង​ក្នុង​ទីក្រុង Yeysk ភាគខាងត្បូង​នៃ​ប្រទេស​រុ​ស្ស៉ី​ក្បែរ​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​នោះ បាន​កើន​ឡើងដល់​១៣​នាក់​។​

​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​, មនុស្ស​ទាំង​១៣​នាក់​ដែល​ស្លាប់​គឺមាន​កុមារ​៣​នាក់ ខណៈដែល​ប្រតិបត្តិ​ការស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​ត្រូវបាន​បញ្ចប់​។ ក្រសួង​គ្រប់គ្រង​ស្ថានការណ៍​គ្រាអាសន្ន​បាន​បញ្ជាក់ថា ក្រោយ​ការធ្លាក់​យន្តហោះ​ចម្បាំង​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ជីក​កកាយ​កម្ទេច​ថ្ម​រកឃើញ​សាកសព​សរុប​១៣​នាក់ ហើយ​មនុស្ស​១៩​នាក់​រងរបួស​។ ចំណែកឯ​ពី​ឡុ​ត​បើក​យន្ដហោះ​ចម្បាំង​នេះ​បាន​លោត​ចេញពី​យន្ដហោះ​ជាមួយ​ឆត្រយោង​ដោយ​សុវត្ថិភាព នៅ​មុនពេល​យន្ដហោះ​ធ្លាក់​។​

​យន្ដហោះ​ចម្បាំង Su-34 ខាងលើ​ត្រូវបាន​អាជ្ញាធ​រុ​ស្ស៉ី​បញ្ជាក់ថា​បាន​ចូលរួម​ក្នុងការ​បណ្ដុះបណ្ដាល​ហោះហើរ​មួយ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​នៃ​យោធា​ភូមិភាគ​ខាងត្បូង រីឯ​មូលហេតុ​ធ្លាក់​គឺ​បណ្ដាលមកពី​ភ្លើង​ឆេះ​ម៉ាស៊ីន​មួយ​របស់​យន្ដហោះ​ក្នុងអំឡុងពេល​ហោះ​ឡើង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close