ឈ្លើយសឹក ជាង​២០០​នាក់ របស់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ត្រូវបាន​ដោះដូរ​ដោយ​ជោគជ័យ​

​ក្រោយ​កិច្ចពិភាក្សា គ្នា​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន បាន​ព្រមព្រៀងគ្នា ដោះដូរ​ឈ្លើយសឹក ។ ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី​១៧​ខែតុលា​ថា ប្រទេស​ទាំងពីរ​បានសម្រេច​ដោះដូរ​ឈ្លើយសឹក​ជាមួយគ្នា​។ នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់ថា «​នៅ​ថ្ងៃទី ១៧​ខែតុលា មាន​ទាហាន​និង​ពលរដ្ឋ​រុស្ស៊ី​ចំនួន​១១០​នាក់​ត្រូវបាន​ដោះលែង​ឱ្យ​វិល​ត្រឡប់មក​ប្រទេស​រុស្ស៊ី​វិញ ក្នុងនោះ​មាន​នាវិក​៨០​នាក់​មាន​ទាំង​ជន​ស៊ីវិល និង​កម្លាំង​ទាហាន​៣០​នាក់ ដែល​ត្រូវ​អ៊ុយ​ក្រែ​ន​ចាប់ឃុំខ្លួន​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២២»​។​

​ពលរដ្ឋ​រុស្ស៊ី​ដែល​បាន​ដោះលែង​នោះ​នឹង​ទៅកាន់​ទីក្រុង​មូ​ស្គូ​តាម​ជើងហោះហើរ​របស់​កម្លាំង​ទាហាន​អាកាស​រុស្ស៊ី ។ អ្នក​ទាំងនោះ​ទទួលបាន​ការថែទាំ​សុខភាព​ជាពិសេស​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្មារតី បញ្ចប់​ការភ័យខ្លាច ។​
​ជាមួយគ្នា​នោះ​រុស្ស៊ី​ក៏បាន ដោះលែង​ឈ្លើយសឹក​អ៊ុយ​ក្រែ​ន ១០៨​នាក់ គឺជា​ទាហាន​ស្រី​ទាំងអស់ ។ តាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ក្នុងចំណោម​ទាហាន​ស្រី​ទាំងនោះ​មាន​២​នាក់ មិន​ព្រម​ទៅកាន់​អ៊ុយ​ក្រែ​ន​វិញ​ឡើយ ដោយ​សុំ​ទៅ​រស់នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​ប្រធានការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Andriy Yermak បានប្រកាសថា ទាហាន​ស្រី​អ៊ុយ​ក្រែ​ន​ត្រូវបាន​ចាប់ខ្លួន​ធ្វើ​ក្នុងពេល​ទាហាន​រុស្ស៊ី​វាយប្រហារ​ដណ្តើម​គ្រប់គ្រង​រោងចក្រ​ដែកថែប Azovstal នៅក្នុង​ទីក្រុង​កំពង់ផែ Mariupol កាលពី​ខែឧសភា​ឆ្នាំ​២០២២​។​

​តាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន ប្រទេស​នេះ​មាន​ទាហាន​ស្រី​៤​ម៉ឺន​នាក់ ក្នុងនោះ​មាន​៥​ពាន់​នាក់​បាន​ចូលរួម​ក្នុង​សមរភូមិ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។ កាលពី​ថ្ងៃទី​២១​ខែកញ្ញា រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ក៏បាន​ដោះដូរ​ឈ្លើយសឹក ប្រមាណ​៣០០​នាក់​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close