រយៈពេល​២​ខែ ការងារ​បោសសម្អាត​មីន ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន ក្នុង​ខេត្ត​ចំនួន​៥ សម្រេចបាន ៣១%

​ភ្នំពេញ​៖ ត្រឹម​រយៈពេល ០២ ខែ ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ឆ្នាំ​២០២២ ការងារ​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន ០៥ រួមមាន ខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម កំពត និង​ស្វាយរៀង ក្រោម​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” សម្រេចបាន ៣១,១៨ ភាគរយ ស្មើនឹង​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៨.៧០៣.០៨២ ម៉ែត្រក្រឡា នៃ​ផែនការ​ផ្ទៃដី​សរុប​ចំនួន ២៧.៩១៣.២៥៦ ម៉ែត្រក្រឡា ដោយបាន​រកឃើញ និង​កំទេចចោល​នូវ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ៦៣៨ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៦០៣ គ្រាប់ ។​

​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អាជ្ញាធរ​មីន បានដាក់​ពង្រាយ​កម្លាំង​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ធ្វើការ​បោសសម្អាត​មីន​នៅ​ខេត្ត​ចំនួន ០៥ ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២២ និង​ត្រៀម​ប្រកាស​ជា​ខេត្ត​អស់​មីន ក្រោម​គម្រោង​សម្តេច​តេ​ជោ ដែល​ក្នុងនោះ​អង្គភាព​ស៊ីម៉ាក់ បានដាក់​ពង្រាយ​កម្លាំង​សរុប​ចំនួន ៣៧ ក្រុម មាន​អ្នកជំនាញការ​ឯកទេស​កំចាត់មីន​ចំនួន​ជាង ៣៦០ នាក់ រួមទាំង​សម្ភារ​គាំទ្រ​ប្រតិបត្តិការ និង​គ្រឿងចក្រ​បោសសម្អាត​មីន ផងដែរ​។​

​ក្នុង​ទំហំ​ផ្ទៃដី ៨.៧០៣.០៨២ ម៉ែត្រក្រឡា ដែល​បាន​បោសសម្អាត​រួច អង្គភាព​ស៊ីម៉ាក់ បាន​ប្រតិបត្តិ​ការរំដោះ​ផ្ទៃដី​មាន​មីន​ដែល​បានដឹង ក្នុង​ខេត្តតាកែវ ចំនួន ២.៥១៥.២៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៩,៣៥ %, ខេត្តកំពង់ឆ្នាំង ចំនួន ៤៩៤.៥០០ ម៉ែត្រក្រឡា ស្មើនឹង ៧៩,០៥ %, ខេត្តកំពង់ចាម ចំនួន ៤៨០,៥២៩ ម៉ែត្រក្រឡា ស្មើនឹង ៣៩,៨៩ %, ខេត្តកំពត ចំនួន ១.៩៩២.១៥៧ ម៉ែត្រក្រឡា ស្មើនឹង ២០,៤១ % និង​ខេត្តស្វាយរៀង បាន ៣.២២០.៦២៧ ម៉ែត្រក្រឡា ស្មើនឹង ២៥,៣៦ %​។​

​ការងារ​បោសសម្អាត​មីន គ្រោង​នឹង​សម្រេច​មុន​ផែនការ​កំណត់ ដែល​ក្នុងនោះ ខេត្តកំពង់ឆ្នាំង និង​ខេត្តតាកែវ នឹង​ក្លាយជា​ខេត្ត​អស់​មីន​នៅ​ចុងខែ​តុលា​នេះ ខេត្តកំពង់ចាម អាច​អស់​បញ្ហា​គ្រាប់មីន​នៅ​ចុងឆ្នាំ​២០២២ (​ដោយ ហើយ​ដោយឡែក​ខេត្តកំពត និង​ខេត្តស្វាយរៀង អាច​បញ្ចប់​ក្នុង​ខែមីនា ឆ្នាំ​២០២៣​។

​លទ្ធផល​នៃ​ការ​បោសសម្អាត​មីន​នេះ បានកើត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​សេសសល់​ក្រោយ​សង្គ្រាម ដែល​ធនធាន​ទាំងនេះ បានមកពី​ការ​បំផុស​ឲ្យ​មាន​ចលនា​ជាតិ​លប់បំបាត់​គ្រាប់មីន​ឲ្យ​អស់​ក្នុង​ឆ្នាំ​២០២៥ របស់​សម្តេច​តេ​ជោ​។​

​ក្នុង​រយៈពេល​ប្រតិបត្តិការ អង្គភាព​ស៊ីម៉ាក់​បាន​ជួប​នូវ​ឧបសគ្គ​មួយចំនួន​ដោយសារ​កត្តា​គ្រោះធម្មជាតិ​ទឹក​ជន​លិច​ចម្ការមីន​នៅ​រដូវវស្សា ហើយ​នៅក្នុង​ករណី​គ្រោះធម្មជាតិ​នេះ អង្គភាព​ស៊ីម៉ាក់​បានធ្វើការ​ផ្លាស់ប្តូ​រ​ចល័ត​កម្លាំង​ចូល​ចម្ការមីន​ដែល​មិន​លិច​ទឹក ចំពោះ​ចម្ការមីន​ដែលមាន​ឧបសគ្គ​ទឹក​លិច​នឹងត្រូវ​ឆ្លើយតប​នៅពេល​ក្រោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close