ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិន​គួរជាកន្លែង​រត់ដណ្តើម​ម៉ូយ​អនាធិបតេយ្យ​នោះទេ

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវគោករវាងប្រទេស​កម្ពុជា និង​ថៃ ដែលមានអ្នកដំណើរ​អន្តរជាតិឆ្លងកាត់ច្រើនបំផុត ហេតុដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាលបានសម្រេច​ធ្វើការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​នៅ​ទីនោះ ។ ប៉ុន្តែអ្វី​ដែល​ហួសចិត្តនោះ ពេលនេះ បែរជាមានក្រុមអូសរទេះ អ្នករត់ម៉ូតូឌុប អ្នករត់កងបី ធ្វើសកម្មភាពចាប់ម៉ូយ​យ៉ាងអនាធិបេតយ្យ​នៅ​ខាងមុខ​ច្រកទ្វារមួយ​នេះ ដែល​ជា​ច្រកទ្វារ​អន្តរជាតិដ៏ធំរបស់កម្ពុជានោះ។

ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅផ្សាររុងក្លឿប្រទេសថៃ បានឱ្យដឹងថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃឯកភាពគ្នា លើបើកច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ច្រកទ្វារប៉ោយប៉ែត-ខ្លងលឹកនេះ យ៉ាងសស្រាក់សស្រាំ ដែលជាហេតុធ្វើឱ្យក្រុមអ្នករត់ម៉ូតូឌុប និងក្រុមកង់បីឥណ្ឌា នាំគ្នារត់ដណ្តើមចាប់ម៉ូយដឹកប្រសេចប្រសាច គ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើយ និងបានធ្វើឱ្យភ្ញៀវទេសចរខ្លះមិនសប្បាយចិត្ត ព្រោះតែសកម្មភាពក្រុមអ្នករត់ម៉ូតូឌុបទាំងនោះ ឈ្លោះប្រកែកគ្នាដណ្តើមភ្ញៀវ និងខ្លះទៀតបន្លំយកអីវ៉ាន់ភ្ញៀវក៏មានដែរ។ បែរទៅមើលអាជ្ញាធរច្រក បានត្រឹមធ្វើមិនដឹងមិនឮ ឈរមើលក្រុមម៉ូតូឌុប និងក្រុមរត់កង់បីឈ្លោះដណ្តើមគ្នាទៅវិញ។

យ៉ាងណាក៏ដោយ​សកម្មភាពទាំងនេះ មិន​គួរ​កើតមាននោះទេ ព្រោះថា ច្រកទ្វារ​អន្តរជាតិ​នេះ គឺជា​ច្រក​ដ៏សំខាន់​ដើម្បីបង្ហាញពីមុខមាត់របស់ប្រទេស​មួយ​ទៅ​កាន់ទេសចរដែលឆ្លងកាត់។ ដូច្នេះ​គេ​រំពឹង​អាជ្ញាធរ​ដែល​គ្រប់គ្រង​នៅទីនោះ នឹង​ចាត់វិធានការរៀបចំ​សណ្តាប់ធ្នាប់​នេះ​ឱ្យ​ល្អប្រសើរ។

សូម​បញ្ជាក់ដែរថា ក្រុងប៉ោយប៉ែតមានច្រកទ្វារអន្តរជាតិចំនួន២កន្លែងរួមមាន៖ ទី១.ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទី២.ច្រកទ្វារអន្តរជាតិស្ទឹងបត់ដែលគ្រោងនឹងបើកដំណើរនៅពេលឆាប់ៗខាងមុខនេះ។ សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើកដំណើរការឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចេញ-ចូល និងច្រកទ្វារអន្តរជាតិស្ទឹងបត់នៃសង្កាត់ផ្សារកណ្តាល ជាច្រកដឹកទំនិញចេញ-ចូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close