អឺរ៉ុប នឹងត្រូវប្រឈមមុខកាន់តែខ្លាំងពីកង្វះថាមពល ដោយសារដាក់ទណ្ឌកម្មរុស្ស៊ី
នៅពេលនេះប្រទេស OPEC បានសម្រេចកាត់បន្ថយការផលិតប្រេង រហូតដល់ទៅ២លានបារ៉ែលក្នុងមួយថ្ងៃៗ បានបង្កក្តីបារម្ភកាន់តែខ្លាំង ដល់បណ្តាប្រទេសតំបន់អឺរ៉ុប ពីតម្លៃថាមពលឡើងថ្លៃនិងកង្វះថាមពលកាន់តែខ្លាំង។
នៅពេលនេះ រដ្ឋមន្ត្រីក្រសួងថាមពលប្រទេសកាតារបានព្រមានថា ការកាត់បន្ថយប្រភពផ្គត់ផ្គង់ថាមពលពីរុស្ស៊ីនឹងបង្កឱ្យមានវិបត្តិទ្រង់ទ្រាយធំហើយអូសបន្លាយ រយៈពេលវែង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times បានផ្សាយថា រដ្ឋមន្ត្រីក្រសួងថាមពលកាតារ លោក Saad al-Kaabi បានឱ្យដឹងថា អឺរ៉ុបនឹងត្រូវប្រឈមវិបត្តិកង្វះថាមពលយ៉ាងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារតែការសម្រេចកាត់ផ្តាច់ពាណិជ្ជកម្មជាមួយរុស្ស៊ី។
ប្រទេសកាតារបច្ចុប្បន្ន គឺជាប្រទេសនាំចេញថាមពលហ្គាសច្រើនជាងគេបំផុតលើពិភពលោក។ តាមការលើកឡើងរបស់រដ្ឋមន្ត្រី Saad al-Kaabi បានបញ្ជាក់ថា អឺរ៉ុបទាំងមូលកំពុងស្វែងរកប្រភពផ្គង់ផ្គង់ផ្សេងទៀតជំនួសរុស្ស៊ីដែលមិនមែនជារឿងងាយស្រួលនោះឡើយ។ តាមការលើកឡើងរបស់លោក Saad al-Kaabi ប្រសិនបើទីក្រុង Brussels មិនទិញថាមពលហ្គាសពីរុស្ស៊ីនោះ គឺបញ្ហាប្រឈមមុខនៅអឺរ៉ុបពិតជាធំនិងយូរអង្វែង។
លោក al-Kaabi ក៏បានព្រមានថា បើទោះបីអឺរ៉ុបប្រកាសថា បានរក្សាទុកថាមពលគ្រាប់គ្រាន់សម្រាប់ប្រើប្រាស់នៅរដូវរងាឆ្នាំនេះក្តី ប៉ុន្តែមិនប្រាកដថានឹងមានអ្វីបន្តកើតឡើងនៅរដូវរងានៅឆ្នាំក្រោយទៀតឡើយ។ លោក al-Kaabi បានបញ្ជាក់ថា «នៅរដូវរងាឆ្នាំនេះអាចឆ្លងផុត ដោយមានថាមពលរក្សាទុក ចុះចំណែកឆ្នាំក្រោយៗ ទៀតតើអឺរ៉ុបមានប្រភពថាមពលពីណាមកបំពេញឃ្លាំងស្ទុកទៀត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។