ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ការប្រកួត​កីឡាបាល់ទះ​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​គុយបា​

​ភ្នំពេញ​៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​បាល់ទះ​កម្ពុជា និង​លោកជំទាវ បាន​អញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​លក្ខណៈ​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​គុយបា ក្នុងការ​ប្រកួត​យ៉ាង​ស្វិតស្វាញ លទ្ធផល​ក្រុម​ជម្រើសជាតិ​កម្ពុជា ឈ្នះ​ក្រុម​ជម្រើសជាតិ​គុយបា ៣-១ (​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍​)​។​

​ឯកឧត្តម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈប្រតិភូ​សាធារណរដ្ឋ​គុយបា ដែល​បាន​ដឹកនាំ​គ្រូបង្វឹក ក្រុម​កីឡាករ​បាល់ទះ​ជម្រើសជាតិ​គុយបា មក​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ដកស្រង់​បទពិសោធន៍ ក្នុងការ​ត្រៀមលក្ខណៈ​រួចរាល់ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​បាល់ទះ​គុយបា បច្ចុប្បន្នកំពុង​កាន់កា​ប់​ចំណាត់ថ្នាក់​លេខ​១២ លំដាប់​ពិភពលោក (​ផ្នែក​បុរស​) ជាពិសេស​ធ្លាប់​ឈ្នះ World Cup ឆ្នាំ​១៩៨៩ នៅ​ប្រទេស​ជប៉ុន និង​ឈ្នះ​មេដាយ​សំរឹទ្ធ នៅ​អូឡាំពិក​ហ្គេម ព្រមទាំង​ឈ្នះ​មេដាយមាស ក្នុង​ពានរង្វាន់​កម្រិត​ពិភពលោក​ជាច្រើន​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close