គិត​ចាប់ពី​ខែមករា ដល់​ខែតុលា​! អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ផាកពិន័យ​ជនបរទេស​គ្មាន​បណ្ណ​ការងារ ២.៤១៦​នាក់

​នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ហត្ថពល​កម្ម​បរទេស នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម រដ្ឋលេខាធិការ​ទទួល​បន្ទុក​អន្តោប្រវេសន៍ លោកជំទាវ​រដ្ឋលេខាធិកា​រ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក និង​អគ្គនាយករង​អន្តោប្រវេសន៍ ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម អគ្គនាយក​រដ្ឋបាល ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​កិច្ចប្រជុំ​នៅថ្ងៃនេះ​គឺ​ដើម្បី​ស្ដាប់​របាយការណ៍​របស់​ឯកឧត្តម អគ្គនាយក​អន្តោប្រវេសន៍ ពាក់ព័ន្ធ​នឹង​ការធ្វើ​អធិការកិច្ច​ជនបរទេស ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា​។ សម្ដេច បាន​មានប្រសាសន៍ថា​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នេះ ក្រសួងមហាផ្ទៃ​នឹង​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ជូន​សាធារណៈ​ឱ្យបាន​ជ្រាប​។​

​យោងតាម​របាយការណ៍ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាប់ពី​ខែមករា ដល់​ខែតុលា​នេះ អគ្គនាយកដ្ឋាន បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ត្រួតពិនិត្យ​គោលដៅ​៣.០៨០​គោលដៅ ត្រួតពិនិត្យ​ពលករ​បទេស​៣០.៨៣៤​នាក់ ផាកពិន័យ​ជនបរទេស​គ្មាន​បណ្ណ​ការងារ​២.៤១៦​នាក់ គិត​ជា​ទឹកប្រាក់​ប្រមាណ​១.២០៨​លាន​រៀល ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close