WHO៖ មិនទាន់​អាច​បញ្ចប់​ស្ថានភាព​អាសន្ន​ដោយ​កូ​វីដ​១៩ នៅពេល​នេះឡើយ​

​បច្ចុប្បន្ន​បើទោះបី ប្រទេស​ជាច្រើន​បន្ថយ​ការ​រិត​ត្បិត ឬ​លុប​ការ​រិត​ត្បិត​ទាំងស្រុង ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩ និង​បើកទ្វារ​ទេសចរណ៍​ទាំងស្រុង​ឡើងវិញ ។ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក នៅតែ​មិនទាន់​អាច​លុបចោល​ភាពអាសន្ន នៅឡើយ​ទេ​។​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែតុលា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា អង្គការ​សុខភាព​ពិភពលោក (WHO) នា​ថ្ងៃ​ពុធ​នេះ បានប្រកាសថា ជំងឺ​រាតត្បាត​កូ​វីដ​១៩ នៅតែ​ជា​ភាពអាសន្ន​សុខភាព​សកល ដដែល​នៅឡើយ​ទេ គឺ​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ បន្ទាប់ពី​វា​ត្រូវបាន WHO ប្រកាស​ចាត់ថ្នាក់​យ៉ាង​ដូច្នោះ​។​

​គណៈកម្មាធិការ​ប្រកាស​អាសន្ន​របស់ WHO បានប្រកាស​ចាត់ថ្នាក់​កូ​វីដ​១៩ ជា​ជំងឺ​អាសន្ន​សម្រាប់​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ពោលគឺ​មិនយូរប៉ុន្មាន​នោះឡើយ បន្ទាប់ពី​វា​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​។ ការប្រកាស​យ៉ាង​ដូច្នោះ អាចជួយ​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង​ស្រាវជ្រាវ និង​ការផ្តល់​មូលនិធិ ព្រមទាំង​ពង្រឹង​វិធានការ​សុខភាព​សាធារណៈ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​ណាមួយ​។​

​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អង្គការ WHO ធ្លាប់បាន​និយាយថា ស្រប​ពេលដែល​ករណី​ឆ្លង​មានការ​ថយចុះ នៅតាម​តំបន់​ជាច្រើន​ជុំវិញ​ពិភពលោក ប្រទេស​នានា​ចាំបាច់​នៅតែ​ត្រូវ​បន្ត រក្សា​ការប្រុងប្រយ័ត្ន​ជាប់ ហើយ​បន្ត​ជំរុញ​ការចាក់​វ៉ាក់សាំង សម្រាប់​ប្រជាជន​ពួកគេ ដែល​ងាយ​រងគ្រោះ​បំផុត​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ គណៈកម្មាធិការ​ប្រកាស​អាសន្ន​របស់ WHO បានលើកឡើង​ដូច្នេះ​ថា​៖ «​ទោះបីជា​សាធារណជន​យល់ថា ជំងឺ​រាតត្បាត​សកល​នេះ ហាក់​បាន​បិទ​បញ្ចប់ទៅ​នៅតាម​ផ្នែក​ខ្លះ នៃ​ពិភពលោក​ក៏ដោយ វា​នៅតែ​ជា​ភាពអាសន្ន​ផ្នែក​សុខភាព​មួយ ដែល​អាច​បន្ត​ជះ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​»​។ គណៈកម្មាធិការ​បា​នប​ន្ត​ថា តួលេខ​អ្នកស្លាប់​ប្រចាំ​សប្តាហ៍ គឺ​ស្ថិតក្នុង​កម្រិត​ទាប​បំផុត ចាប់តាំងពី​កូ​វីដ​១៩​បាន​ផ្ទុះឡើង​ក៏ពិតមែន ប៉ុន្តែ​វា​នៅ​ខ្ពស់​ខ្លាំង​នៅឡើយ បើ​ធៀប​ជាមួយ​វីរុស​ឬ​ជំងឺ​ដទៃទៀត​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក ថេ​ដ្រូ​ស អា​ដា​ណូ​ម ហ្កេ​ប្រេ​យេស៊ូ​ស (Tedros Adhanom Ghebreyesus) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា «​ជំងឺ​រាតត្បាត​សកល​នេះ ធ្លាប់បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់ ចំពោះ​ពួកយើង​នាពេល​កន្លងមក ហើយ​វា​ក៏​ប្រហែល​អាចធ្វើ​យ៉ាង​ដូច្នោះ​ទៀត នាពេល​ក្រោយ​ក៏​ថា​បានដែរ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close