ក្មេងស្ទាវ​ពីរក្រុមជិះ​ម៉ូតូ​ដេញវៃគ្នា ​ជ្រុល​ទៅ​បុកក្លោង​ទ្វារ​ទន្លេ​អុំស្លាប់​២នាក់

សៀមរាប ៖ យុវជន​ចំនួន​២នាក់បានស្លាប់​យ៉ាង​អណោចអធម ក្រោយ​ពី​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​ក្លោង​ទ្វា​ទន្លេ​អុំ ឆ្ពោះទៅ​កាន់ប្រាសាទបាយ័ន ក្នុង​សង្កាត់នគរធំ ក្រុងសៀមរាប កាលពីវេលារសៀល​ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២២ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​នៅ​លើផ្លូវជាប់ខឿន និង​ម្នាក់ទៀត​ហោះប្លោងជាប់នៅ​​​លើខឿនក្លោងទ្វារ​ស្លាប់ភ្លាមៗ។

សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណីនេះ ជនរងគ្រោះ​មាន​ឈ្មោះ ១.ឈ្មោះ ឡិក ឡូ ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅលើផ្លូវជាប់ខឿនក្លោងទ្វា) និង ២.ឈ្មោះ កុយ ការ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំរើល ស្រុកពួកខេត្តសៀមរាប (ស្លាប់នៅលើខឿនក្លោងទ្វា)។

ពួក​គេ​បាន​បើកម៉ូតូ ១គ្រឿង ម៉ាក់ទ្រីមសង់ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាក់លេខ សៀមរាប 1R-6319 ដោយមិនពាក់មួកសុវត្តិភាព ក្នុងល្បឿន ទៅបុកបង្គោលថ្ម របស់អាជ្ញាធរអប្សរា ផ្លោងទៅបុកឃឿនក្លោងទ្វាទន្លេអុំ បណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។

បើតាម​ការ​បំភ្លឺពី​ឈ្មោះ ស៊ាប សាយ អាយុ​១៩​ឆ្នាំ និង​ឈ្មោះ មិន​ សូវនៃ អាយុ​១៨ឆ្នាំ ដែល​ជាមិត្តភក្តិជនរងគ្រោះទាំងពីរ​បាន​និយាយថា នៅវេលាម៉ោងជិត៦ល្ងាច ពួកខ្លួនទាំង ៤នាក់បានចេញពីកន្លែងធ្វើការនៅផ្ទះសំណាក់មួយយីហោ សែនសុខ៩៩ ស្ថិតនៅភូមិជន្លង់សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាំគ្នាជិះម៉ូតូចំនួន ២គ្រឿងទៅផ្លូវ ៦០ម៉ែត្រប៉ុន្តែមិនបានឈប់នោះទេគឺបន្តដំណើរបតឡើងទៅស្ពានអង្គរជិះដល់ចំណុចផ្លូវកែងទី១ នៃទក្សិណអង្គរស្រាប់តែមានមនុស្សប្រុសវ័យជំទង់ចំនួន ៤ នាក់ជិះ ម៉ូតូចំនួនពីរគ្រឿង ម៉ាកឌ្រីមសង់ពណ៌ខ្មៅ (មិនចាំស្លាកលេខ) បានស្ទាក់ចាំហើយស្រែកថា វាយពួកអានេះមើល ភ្លាមនោះគេបានបើកប្រដេញទៅវាយជនរងគ្រោះឈ្មោះកុយ ការ ចំនួន ១ដៃ ចំកញ្ចឹងករ បន្ទាប់មកពួកខ្លួន​ទាំង ៤នាក់ បានបើកម៉ូតូគេចទៅទិសខាងលិច ដល់ចំណុចផ្លូវកែងអក្សរ T នៃទក្សិណអង្គរ ប៉ែកខាងលិច ខ្លួន​និងឈ្មោះ មិន សូម៉ៃ ក៏បានបត់ឡើងទៅទិសខាងត្បូង តាមផ្លូវកូម៉ៃ ចំណែកជនរងគ្រោះទាំងពីរបានបើកទៅទិសខាងជើងបាត់ លុះដល់ប្រហែលម៉ោងជិត៧យប់ ក៏បានទូរស័ព្ទទៅឈ្មោះ កុយ កាន ស្រាប់តែមានអ្នកផ្សេងលើកទទួលហើយប្រាប់ថាជនរងគ្រោះបានបើកម៉ូតូបុកខឿនទ្វារទន្លេអ៊ុំបណ្ដាលឲ្យស្លាប់ទាំងពីរនាក់បាត់ទៅហើយ ទើបពួកខ្លួនទៅកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close