កម្ពុជា វៀតណាម នឹងចុះហត្ថលេខា​បន្ត​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​ពលី​ជីវិត​សម័យ​សង្គ្រាម​នៅ​កម្ពុជា

ខេត្ត​ព្រះសីហនុ​៖ រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២២ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​លោក ង្វៀន លឿន​ជ្រុង អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំនាញ​ខេត្ត​គៀង​យ៉ាង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​បន្ត​កិច្ចសហប្រតិបត្តិការ ស្ដីពី​ការរុករក ការជីក​គាស់ និង​ការធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​សម័យ​សង្គ្រាម​នៅ​កម្ពុជា កិច្ចប្រជុំ​រៀបចំ​ធ្វើ​នៅ​សាលាខេត្ត​ព្រះសីហនុ​។​

​លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​លើកឡើងថា កិច្ចប្រជុំ​មាន​គោលបំណង ពិភាក្សា ពិគ្រោះ​យោបល់ និង​ឯកភាពគ្នា​រវាង​ភាគី​ទាំងពីរ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​គៀង​យ៉ាង បន្ត​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​រដូវប្រាំង​ឆ្នាំ​(២០២២-២០២៣)​។ កិច្ច​ប្រជុំបាន​ពិភាក្សា និង​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ក្នុងការ​ដាក់ចេញ​នូវ​ផែនការ កិច្ចសហប្រតិបត្តិការ​អនុវត្ត​បន្ត​សម្រាប់​រដូវប្រាំង​ឆ្នាំ​២០២២-២០២៣​ខាងមុខ ធ្វើយ៉ាងណា​ឱ្យ​ផែនការ​អនុវត្ត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។​

​ស្របតាម​ស្មារតី​របស់​គណៈកម្មាធិកា​រ​ជំនាញ នៃ​រដ្ឋាភិបាល​ទាំងពីរ គណៈកម្មាធិការ​ជំនាញ​ខេត្ត​ព្រះសីហនុ និង​គណៈកម្មាធិការ​ជំនាញ​ខេត្ត​គៀង​យ៉ាង បានរៀបចំ​កិច្ចប្រជុំ​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ ស្ដីពី​ការរុករក ការជីក​គាស់ និង​ការធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២-២០២៣​។ យោងតាម​សន្ធិសញ្ញា​រវាង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០០០ នៅ​រាជធានី​ភ្នំពេញ និង​យោង​កំណត់ហេតុ នៃ​កិច្ចព្រមព្រៀង​រវាង​គណៈ​ក​ម្មា​ធិ​ការជំនាញ​រប​ស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​។ តាងនាម​ឱ្យ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ នឹង​ជំនួសមុខ​ឱ្យ​គណៈកម្មាធិការ​ជំនាញ​ខេត្ត​ព្រះសីហនុ សូម​ស្វាគមន៍​ចំពោះ​វត្តមាន​ប្រធាន​គណៈកម្មាធិការ​ជំនាញ ព្រមទាំង​ប្រតិភូ បាន​អនុវត្ត​កិច្ចព្រមព្រៀង​លើ​កំណត់ហេតុ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ (​កម្ពុជា​-​វៀតណាម​) ក៏​ដូច​កិច្ចព្រមព្រៀង​រវាង​ខេត្ត​ទាំងពីរ (​ព្រះសីហនុ​-​គៀង​យ៉ាង​) ភាគី​ទាំង​ពីរបាន​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ក្នុង​ស្មារតី​សាមគ្គី​សហការ​ទំនាក់ទំនង​ល្អ​រួមគ្នា​គោរព​ប្រតិបត្តិ​នូវ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​។​

​លោក ង្វៀន លឿន​ជ្រុង អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំនាញ​ខេត្ត​គៀង​យ៉ាង បាន​ថ្លែងអំណរគុណ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​សហការ​ស្រាវជ្រាវ​រុករក និង​ផ្តល់ព័ត៌មាន​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​សម្រេច​ភារកិច្ច​រហូត​ទទួលបាន​ជោគជ័យ​នាពេល​កន្លងមក​។ ក្នុងនាម​គណៈកម្មាធិកា​រ​ជំនាញ​ខេត្ត​គៀង​យ៉ាង សូម​ថ្លែងអំណរគុណ​រដ្ឋបាលខេត្ត និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ តែងតែ​ចូលរួម​សហការ​យ៉ាង​ល្អ ក្នុងការ​ស្រាវជ្រាវ រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​សង្ឃឹមថា​រដូវប្រាំង​ខាងមុខ​ភាគី​ទាំងពីរ​នឹង​បន្ត​រុករក ការជីក​គាស់ និង​ធ្វើ​មាតុភូមិនិវត្តន៍​នូវ​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close