កម្ពុជា បង្ហាញ​គោលជំហ​គោលនយោបាយ គាំទ្រ​ការអភិវឌ្ឍ​ថាមពល​កើតឡើង​វិញ

​នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​កណ្តាល​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល រដ្ឋធានី​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ក្នុង​កម្មវិធី «​ដំណើរ​ឆ្ពោះទៅកាន់​ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​» ដែលជា​ព្រឹត្តិការណ៍​អម​នៃ​កម្មវិធី «​សប្តាហ៍​អភិវឌ្ឍន៍​បៃតង​សកល​» ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​។

​កម្មវិធី​នេះ​មានការ​ចូលរួម​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​សំណាក់​ឯកឧត្តម បាន គី​មូ​ន ប្រធាន​វិ​ទ្សា​ស្ថាន​អភិវឌ្ឍន៍​បៃតង និង​ជា​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អគ្គនាយករង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង តំណាង​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា តំណាង​ក្រុមហ៊ុន H&M តំណាង​រោងចក្រ​កាត់ដេរ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​នៅក្នុង​សុន្ទរកថា​ស្វាគមន៍ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​សង្កត់ធ្ងន់​ពី​ជំហ​គោលនយោបាយ​របស់​កម្ពុជា​ក្នុង​គាំទ្រ​ការអភិវឌ្ឍ​ថាមពល​កើតឡើង​វិញ ហើយ​ស្វាគមន៍ និង​អំពាវនាវ​ឱ្យ​ការចូលរួម​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ ក្នុង​គាំទ្រ​បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ ចំពោះ​ការអភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ និង​លើកកម្ពស់​ប្រសិទ្ធភាព​ថាមពល ដែល​គាំទ្រ​ដល់​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សូម​បញ្ជក់​ផងដែរ​ថា ប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ រួមមាន ឯកឧត្តម​អគ្គនាយក និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​និង​យុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់​កម្មវិធី​សប្តាហ៍​អភិវឌ្ឍន៍​បៃតង​សកល ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ បន្ថែម​លើ​ព្រឹត្តិការណ៍​អម​ខាងលើ ប្រតិភូ​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​ចំនួន​៣​ទៀត​រួមមាន​៖៖ ១.​កិច្ចប្រជុំពេញអង្គ​លើក​ទី​១១​និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​១៥ នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល ២.​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី និង​៣.​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close