សម្តេច ហេង សំរិន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) លើក​ទី​៣០ ក្នុងប្រទេស​ថៃ​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែតុលា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) លើក​ទី​៣០ នៅ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២​។

​សម្តេច​ប្រធានរដ្ឋសភា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ (APPF) នេះ​។ ក្រៅពីនេះ កំលុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក សម្តេច​ប្រធានរដ្ឋសភា នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ ឯកឧត្តម ឈួន លី​ក​ផៃ ប្រធានរដ្ឋសភា​ថៃ និង​ទទួល​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​សភា​ប្រទេស​ជា​មិត្ត និង​ថ្នាក់ដឹកនាំ​អង្គការ សភា​មួយចំនួនទៀត ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការទូត​សភា​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី និង​ទ្វេភាគី​។ ចំណែក​សមាជិក​គណៈប្រតិភូ​ដទៃទៀត​នឹងចូលរួម​កិច្ចប្រជុំ​ជាច្រើន​ទៀត​របស់ APPF ស្របតាម​កម្មវិធី​ដែល​បានរៀបចំ​។​

​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែលមាន​សមាជិក​ចំនួន​២៨​ប្រទេស នៅ​ឆ្នាំនេះ​ប្រារព្ធ​កិច្ចប្រជុំ​របស់ខ្លួន​ក្រោម​មូលបទ “​សភា និង​ការ​ស្តារឡើងវិញ​ប្រកបដោយ​ចីរភាព​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដើ​ម្ប​លើក​កំពស់​លទ្ធិប្រជាធិបតេយ្យ សន្តិភាព និង​សន្តិសុខ​”​។

​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា “The Asia Pacific Parliamentary Forum” បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុង​ឆ្នាំ​១៩៩៣ មាន​គោលបំណង​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួបប្រជុំ​ប្រចាំឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​រួម ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​និង​សកលលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close