សប្ដាហ៍​ទី​៣ ខែតុលា​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ៥៣​ម៉ឺន​នាក់

​ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុង​សប្តាហ៍​ទី​៣ (​ចាប់ពី​ថ្ងៃទី​១៧-២៣ ខែតុលា ២០២២) ចំនួន​៥៣២,៤៥៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៥០៥,១១៧​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២៧,៣៣៨​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តពោធិ៍សាត់ ១៣៧,៧៣៧​នាក់​
* ខេត្ត​ព្រះសីហនុ ១២៩,១៤៧​នាក់​
* ខេត្តក្រចេះ ១២២,៥៣៩​នាក់​
* ខេត្តសៀមរាប ២៧,២៨៣​នាក់​
* រាជធានី​ភ្នំពេញ ២០,៨៩៨​នាក់​
* ខេត្តកំពត ១៩,៦៩៤​នាក់​។​

​ចំនួន​ភ្ញៀវ​ផ្ទៃក្នុង​បន្ត​មាន​ចំនួន​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក ដោយសារ​រដ្ឋបាលខេត្ត​ពោធិ៍សាត់​បានរៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៦-១៨ ខែតុលា ឆ្នាំ​២០២២ និង​រដ្ឋបាល​ខេត្តក្រចេះ​បានរៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​៣​ថ្ងៃ​ផងដែរ ចាប់ពី​ថ្ងៃទី​២១-២៣ ខែតុលា ឆ្នាំ​២០២២ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាច្រើន​កុះ​កុរ​។​
​ទន្ទឹមនឹងនេះ នេះ​ជា​សប្តាហ៍​ទី​៣​ជាប់​គ្នា​ដែល​ខេត្ត​ព្រះសីហនុ​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជាច្រើន បន្ទាប់ពី​មានការ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រយៈពេល​១​ខែ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២​។​

​បណ្តា​ខេត្ត​ផ្សេងទៀត​ដែល​នៅជាប់​បណ្តោយ​ដង​ទន្លេ​បាននិងកំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក​ទៅតាម​ពេលវេលា​សមស្រប និង​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​ ដោយឡែក បណ្តា​រដ្ឋបាល​រាជធានី​-​ខេត្ត និង​គណៈបញ្ជាកា​ឯកភាព​បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ទឹកជំនន់​ក្នុង​មូលដ្ឋាន​ខ្លួន ការចុះ​ចែក​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ រួមជាមួយ​ការដាក់ចេញ​វិធានការ​សង្គ្រោះ​ក្នុងករណី​បន្ទាន់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close