ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកោះកុង ត្រៀមរួចរាល់ហើយសម្រាប់បុណ្យសមុទ្រចុងសប្តាហ៍នេះ
សម្រាប់ពិធីបុណ្យសមុទ្រដែលនឹងផ្តើមនៅចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកោះកុង បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការប្រារព្ធពិធីប្រចាំឆ្នាំមួយនេះ ដោយក្នុងប្រជាពលរដ្ឋខ្មែរ ក៏អាចឆ្លងទៅលេងខេត្តត្រាតប្រទេសថៃបានដែរ ដោយគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ។
ក្រោយកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាតរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រខាងមុខ។ ក្នុងនោះប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផង ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម។
ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ជាមួយគ្នានោះដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្តពីខាងថៃមកទទួលទៀតផង។ ក្រៅពីនេះ បើបងប្អូនចង់ទៅស្នាក់ផ្ទះសំណាក់ ឬសណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាតក៏បានដែរ ដែលមានតម្លៃសមរម្យ។ ខេត្តបានរៀបចំបញ្ជរពត៌មាននៅ៣ទីតាំងគឺនៅ៖ ១.រង្វង់គល់ស្ពានកោះកុង ២.នៅវត្តចាំយាម ៣.នៅច្រកទ្វាអន្តរជាតិចាំយាម ។
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានបន្តថា ចំពោះផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិលឆ្ពោះទៅខេត្តកោះកុង ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងាររបស់កងវិស្វកម្ម បានសម្រេចការជួសជុលរួចរាល់ ១០០% ហើយ។
ជាមួយនឹងការរំពឹងទុកថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរប្រហែល យ៉ាងតិច៩ម៉ឺននាក់នោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកជំទាវ មិថុនា ភូថង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនេះឱ្យបានច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។