អភិបាលខេត្ត​ព្រះសីហនុ​៖ តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង ក្រុង​កោះរ៉ុង នៅពេល​ខាងមុខ​ប្រែ​មុខមាត់​ថ្មី

​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យមើល​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង ស្ថិតនៅ​ភូមិ​ដើមថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាលខេត្ត អភិបាលក្រុង​កោះរ៉ុង ប្រធាន​មន្ទីរ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​។​

​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង ដែលមាន​ផ្ទៃដី​ទំហំ​ជាង ២០​ហិកតា កំពុង​ត្រូវបានធ្វើ​ការអភិវឌ្ឍ​ទាក់ទាញ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ត្រកាល​តំបន់​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​តំបន់​កោះ មិន​ភ្លេច​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង ដែល​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​ផាសុខភាព​សម្រាប់​ភ្ញៀវទេសចរ ព្រមទាំង​មាន​បរិស្ថាន អនាម័យ ខ្យល់​បរិសុទ្ធ​ល្អ​ថែម​ទៀតផង​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​លោក​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង ត្រូវខិតខំ​យកចិត្តទុកដាក់​កែច្នៃ​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ទាក់ទាញ ព្រោះ​ទីតាំង​នេះ​សម្បូរ​ទៅដោយ​ព្រៃកោងកាង មាន​រុក្ខជាតិ​ចម្រុះ និង​ជីវចម្រុះ​ជាច្រើន​ប្រភេទ​តាមបែប​ធម្មជាតិ ដូច្នេះ​យើង​ត្រូវ​ចេះ​កែច្នៃ​តំបន់​ព្រៃកោងកាង​ជា​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​ទេសចរ​បរទេស ទន្ទឹមនឹង​ការចូលរួម​ការពារ​ថែរក្សា អភិរក្ស យើង​ត្រូវ​រួមគ្នា​ធ្វើ​ការដាំដុះ​កូន​កោង​កាង​បន្ថែមទៀត​ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត និង​កាន់​តែមាន​ភាព​ទាក់ទាញ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់ថា តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង (​សហគមន៍ គ្មាន​ផ្លា​ស្ទីក​) នៅពេល​ខាងមុខ​ប្រែ​មុខមាត់​ថ្មី អាចជួយ​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះ​ឱ្យមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង ទន្ទឹម​នោះ​យើង​ត្រូវ​រួមគ្នា​ចូលរួម​ថែរក្សា​អ​នា​សម័យ បរិស្ថាន ពិសេស​រួមគ្នា​អភិរក្ស​ព្រៃកោងកាង​ប្រកបដោយ​ចីរភាព ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ភ្ញៀវទេសចរ និង​ជីវចម្រុះ​គ្រប់​ប្រភេទ ពិសេស​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ មិន​ភ្លេច​សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​កោង​កាង​ក្នុងភូមិ​សាស្ត្រ​ក្រុង​កោះរ៉ុង​របស់​យើង​កាន់តែច្រើន​បន្ថែមទៀត​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close