៩ខែ ឆ្នាំនេះ! កម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ១លាន២០ម៉ឺននាក់
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ និងតាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom (Information Technology Platform Zoom) ក្រុមការងារ រាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានរៀបចំកិច្ចប្រជុំ ស្តីពី “បច្ចុប្បន្នភាពការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត” ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធានអង្គភាពពាក់ព័ន្ធនៃក្រសួងទេសចរណ៍ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត តាមរយៈប្រព័ន្ធវីដេអូ (ZOOM) ពីចម្ងាយសរុបប្រមាណ ១០០នាក់។
កិច្ចប្រជុំនេះបានពិភាក្សា និងត្រួតពិនិត្យលើ៖
ទី១៖ បច្ចុប្បន្នភាពការងាររយៈពេល៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅបន្ត ដោយគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ និង
ទី២៖ ការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុទ្ធសាស្ត្រតាមផែនទីចង្អុលផ្លូវ និងបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។
ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យលើសកម្មភាព និងលទ្ធផលការងារ រាយការណ៍ដោយលេខាធិការដ្ឋាន និងមតិបន្ថែមពី ឯកឧត្តមប្រធាននៃអនុក្រុមការងារទាំង៣។ អង្គប្រជំុបានវាយតម្លៃថា ការងារសម្រេចបានពិតជាត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមការកំណត់ស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ពិតប្រាកដមែន។ ជាក់ស្តែងរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាន២០ម៉ឺននាក់ កើនឡើង ៨៦១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំពោះទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិសរុបប្រមាណ ៨,៤៤លាននាក់ កើនឡើងក្នុងអត្រា ២៤៧% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ ១,២លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ៦០៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឱ្យធ្វើការសិក្សាបន្ថែមទៀតដោយត្រូវគិតបញ្ចូលទាំងសូចនាករថ្មីៗជាពិសេសគឺ បញ្ហាប្រឈម និងវិបត្តិជាសាកលនាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។