អគ្គលេខាធិការកីឡាបាល់ទះកម្ពុជា គាំទ្រឱ្យបិទតារាងបាល់ទះណា ដែលមានការលេងភ្នាល់លុយ

បន្ទាប់ពីប្រជាពលរដ្ឋ សម្តែងការរិះគន់លើការចុះអនុវត្តច្បាប់បិទតារាងបាល់ទះតាមភូមិស្រុកមួយចំនួន ដែលមានការលេងភ្នាល់ដាក់លុយធំ ថាជាការបំបិទសិទ្ធិពលរដ្ឋនោះ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចេញមុខគាំទ្រចំណាត់ការអាជ្ញាធរ ព្រោះបើបណ្តោយឲ្យមានការប្រកួតជាលក្ខណៈភ្នាល់លុយធំ វាបង្កជាការលំបាកដែរ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា​«ការបិទតារាងបាល់ទះមួយកន្លែង​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​កាលពីថ្ងៃទី២៦ ខែតុលា ថ្មីៗនេះ ដោយសារពាក់ព័ន្ធនឹងការលេងភ្នាល់លុយធំរាប់ពាន់ដុល្លារ ដែលជាលក្ខណៈប្រព្រឹត្តបទ​ល្បែង​ស៊ីសង។ លោកថា ការលេងដើម្បីសុខភាព មិនមានការហាមឃាត់ឡើយ តែហាមដាច់ខាតចំពោះការភ្នាល់ល្បែងស៊ីសង ដែល​ក្នុងទំហំលុយច្រើនៗ។ អគ្គលេខាធិការរូបនេះ បន្ថែមថា «គោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព គឺល្បែងស៊ីសងមិនអាចមានបានទេ។ ក្នុងនាម​ខ្ញុំ​ជាថ្នាក់ដឹកនាំសហព័ន្ធ បានចុះណែនាំនៅតាមតារាងបាល់ ដែលយើងចង់ដឹងថា គាត់មានបង្កប់នៅល្បែងស៊ីសង ឬអត់។ តារាង​​បា​ល់ខ្លះ មានបង្កប់ល្បែងស៊ីសង និងភ្នាល់ដល់រាប់លានរៀល..គួរត្រូវបិទ ប៉ុន្តែបើគ្រាន់តែជាការប្រកួតដាក់ទឹក មិនចាត់ទុក​ជាល្បែង​ស៊ី​សង​ទេ គឺគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ»។

លោក អាំង សិរីពិសិដ្ឋ បន្តថា «ពេលខ្លះគាត់បើកតារាងបាល់ ឬក៏ជាកីឡាផ្សេងៗ​ ប៉ុន្តែធាតុពិតនៅ​ខាង​ក្នុង​មាន​បង្កប់ល្បែងស៊ីសងរួចជាស្រេចហើយ។ មែនទែនទៅ បើគ្រាន់តែភ្នាល់ដាក់ទឹក វាគ្រាន់ជាការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែតារាង​ខ្លះ​តាមដែលការសង្កេត មានការភ្នាល់រហូតដល់រាប់លានរៀលក៏មានដែរ ខ្ញុំជឿជាក់ថា យើងមិនមានការ​តឹងរ៉ឹងរឹតត្បិតដល់​​ថ្នាក់ហ្នឹងទេ»។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២៧ ខែតុលា បានចេញលិខិតបំភ្លឺព័ត៌មាន ទាក់ទង​នឹង​ម​ហា​ជនបញ្ចេញមតិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ចំណាត់ការនៅតារាងបាល់ទះមួយកន្លែង ស្ថិតនៅភូមិ មានកកើត ឃុំ​ត្បែង​​ខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺបានបិទព្រោះមានការភ្នាល់ប្រាក់រហូតជិតដល់ពាន់ដុល្លារ។ គណៈបញ្ជាការ​រដ្ឋ​បាលស្រុក ពុំមានការហាមឃាត់នោះទេចំពោះការលេងដើម្បីសុខភាព មានតែការលើកស្ទួយបន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close