សហព័ន្ធ​កីឡា​វាយ​សី រៀបចំ​វគ្ក​បណ្តុះបណ្តាល​ជំរុញ​ឲ្យ​មន្ត្រី​ចៅក្រម​កម្ពុជា បោះជំហាន​ឆ្ពោះទៅកាន់​អន្តរជាតិ​

​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​វាយ​សី រៀបចំ​វគ្គ​បណ្តុះបណ្តាល ចៅក្រម កម្រិត​អន្តរជាតិ ដើម្បី​ជំរុញ​អោយ​ចៅក្រម​កម្ពុជា បោះជំហាន​ឆ្ពោះ ទៅកាន់​អន្តរជាតិ នេះ​ជាកា​បញ្ជាក់​របស់ លោក ជាម សុធា អគ្គលេខាធិការ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម ដែល​រៀបចំ​ដោយ សហព័ន្ធ​កីឡា​វាយ​សី​រយៈពេល​៥​ថ្ងៃ បង្ហាត់​ដោយ​គ្រូឧទ្ទេស​អន្តរជាតិ ។

​លោក​អគ្គលេខាធិការ បន្តថា នេះ​ជា​លើក​ទី​២ ដែល​សហព័ន្ធ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​កម្រិត​អន្តរជាតិ ក្នុង​គោលបំណង​ផលិត​ធនធាន​ចៅក្រម​កីឡា​វាយ​សី​របស់​កម្ពុជា ឲ្យ​ក្លាយជា​ចៅក្រម​កម្រិត​អន្តរជាតិ​ឲ្យ​កាន់តែច្រើន ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ពិសេស​ជំរុញ​ឲ្យ​មន្ត្រី​ចៅក្រម​កម្ពុជា បាន​បោះជំហាន​ទៅកាន់​ឆាក​អន្តរជាតិ ខណៈដែល​បច្ចុប្បន្ន ធនធាន​ចៅក្រម​កីឡា​វាយ​សី​កម្ពុជា កម្រិត​អន្តរជាតិ​មានតែ​ម្នាក់​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ចៅក្រម កីឡា​វាយ​សី កម្រិត​អន្តរជាតិ ដែល​រៀបចំ​ដោយ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​៤៨​នាក់ សិក្សា​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ ដោយ​លោកស្រី YAU LIN NA មកពី​សហព័ន្ធ​កីឡា​វាយ​សី​អាស៊ី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close