ទីក្រុង​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក ប្រើ​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ បឺត​តាម​មាត់​

​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បានចាប់ផ្តើម​ប្រើប្រាស់​វ៉ាក់សាំង បង្កា​កូ​វីដ​១៩ ដែលជា​ប្រភេទ​ហឺត​តាម​មាត់​(​ឬ​បាញ់​ចូល​តាម​មាត់​) នៅ​ថ្ងៃទី ២៦​ខែតុលា ។ នេះ​គឺជា​ទីក្រុង​ដំបូង​គេ​បង្អស់ នៅលើ​ពិភពលោក ដែល​បាន​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ​។​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែតុលា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា វ៉ាក់សាំង​នោះ​ដែល​អភិវឌ្ឍ​ឡើង​ដោយ ក្រុមហ៊ុន​ឱសថ​ចិន CanSino គឺមាន​ទម្រង់​ជា​ចំហាយ​ទឹក ដែល​បឺត​ស្រូប​ចូលទៅក្នុង​ខ្លួន​តាម​មាត់​។​

​តាម​សេចក្តីប្រកាស​នៅលើ​គណនី​ផ្លូវការ​មួយ​របស់​ទីក្រុង​សៀង​ហៃ វា​កំពុង​ត្រូវ​ផ្តល់ឱ្យ​ដោយ​មិន​គិតថ្លៃ​ឡើយ ដើម្បី​ធ្វើជា​វ៉ាក់សាំង​ដូ​ស​ជំរុញ សម្រាប់​អ្នក​ដែល​ធ្លាប់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពីមុនមក​។ ប្រជាជន​សៀង​ហៃ ដែល​បាន​ទៅ​ទទួល​វ៉ាក់សាំង បានបង្ហាញ​ចំណាត់​អារម្មណ៍​ថា វា​ប្រៀបដូចជា​ការផឹក​តែ​ទឹកដោះគោ​យ៉ាង​ដូច្នោះ​ដែរ​។​

​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ​នេះ ប្រហែល​អាច​ជំរុញ​ឱ្យ អ្នក​ដែល​មិន​ចង់ទៅ​ចាក់​វ៉ាក់សាំង ព្រោះតែ​មិន​ចូលចិត្ត​ម្ជុល​នោះ អាច​ពិចារណា​ឡើងវិញ ហើយក៏​ថែមទាំង​អាចជួយ​ពង្រីក​ការចាក់​វ៉ាក់សាំង នៅតាម​ប្រទេស​អត់​ខ្សោយ​ផងដែរ ដោយសារតែ​វា​ងាយស្រួល​ក្នុងការ​ប្រើ​។​

​មួយវិញទៀត​បើតាម​ក្រុម​អ្នកជំនាញ វ៉ាក់សាំង​ដែល​ស្រូប​ចូល​តាម​មាត់​យ៉ាង​ដូច្នេះ ក៏​ប្រហែល​អាចជួយ​ទប់ស្កាត់​វីរុស មុនពេល​វា​រីក​រាលដាល​ពាសពេញ ប្រព័ន្ធ​ដង្ហើម​របស់​យើង​ផងដែរ​។ ក្រុម​និយតករ​សុខាភិបាល​ចិន បានផ្តល់​ការអនុម័ត​ចំពោះ​វ៉ាក់សាំង​ខាងលើ សម្រាប់​ប្រើ​ជា​ដូ​ស​ជំរុញ កាលពី​ខែកញ្ញា​កន្លងទៅ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close