ជំនួបសម្តែងការគួរសម រវាង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Sunniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាថ្មី(ADB)
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជារវាង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Sunniya Durrani Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាថ្មី(ADB) នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួង ភាគីទាំងពីរ បានសំដែងនូវមោទនភាពចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អដែលបានបង្កើតឱ្យមាន សមិទ្ធិផលជាច្រើន ជាពិសេសការជួយគាំទ្ររបស់គម្រោង ADB លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោកជំទាវ Sunniya Durrani Jamal បានសំដែងនូវ ការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចំរើនរបស់កម្ពុជា ជាពិសេសការខិតខំក្នុងការ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹងការអនុវត្តគោលនយោបាយអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការពង្រឹងយន្តការនានាដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) ដែលស្របទៅនឹងចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តឆ្នាំ២០៣០ របស់ ADB ដោយផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្សឆ្លើយតប ទៅនិងការវិវត្តន៍រីកចំរើននៃឧស្សាហកម្ម។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានស្នើឱ្យ ADB ជួយអភិវឌ្ឍន៍ធនធានមនុស្ស លើផ្នែកឌីជីថល និងការត្រៀមខ្លួនក្នុងការដើរទាន់នូវបដិវត្តឧស្សាហកម្ម ៤.០ នៅកម្ពុជា។ ជាការឆ្លើយតប ADB និងបន្តផ្តល់គម្រោងថ្មីមួយ ក្នុងរយៈ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៩ដល់ ២០២៤ ដោយផ្តោតលើយុវជន ដែលបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅ ដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូល ទៅក្នុងបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ។
យោងតាមការបញ្ជាក់ពី ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បន្ទាប់ពីសិក្សាយ៉ាងល្អិតល្អន់លើតម្រូវការទីផ្សារកម្លាំងពលកម្ម ដែលមានជំនាញច្បាស់ លាស់នៅក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតនោះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB គ្រោងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស សំខាន់ៗ ចំនួន៤មុខ ដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ នៃបដិវត្តន៍ឧស្សាហកម្ម សកលភាវូនីយកម្ម ដែលកំពុងតែវាយលុកយ៉ាងគំហក់ មកលើបណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជាតែម្តង។
ឯកឧត្តមបញ្ជាក់ថា សម្រាប់គម្រោងប្រកួតប្រជែងជំនាញថ្មីនេះ ផ្តោតទៅលើវិស័យអគ្គិសនី, អេឡិចត្រូវនិក, សំណង់ និងកម្មមន្តសាល ។ ហើយសាលាដែលត្រូវអនុវត្ត គឺតម្រូវទៅលើសាលាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងសាលាមួយចំនួនទៀត ដែលនៅក្រោមចំណុះរបស់ក្រសួងការងារ ដែលមានសក្ដានុពល ហើយកិច្ចការនេះស្ថិតក្រោមការត្រួតពិនិត្យមើលរវាងក្រសួងការងារ និងADBផ្ទាល់។
ទាក់ទិននិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនុវត្តគម្រោងនេះ ឯកឧត្តម អគ្គនាយក បានអះអាងថា នៅមានបញ្ហាខ្វះខាតនៅឡើយ ដូចជាអគារ គ្រឿងម៉ាស៊ីន និងសម្ភារៈមួយចំនួនទៀត ពិសេសសមត្ថភាពគ្រូបង្រៀន ដែលទាមទាឱ្យមានការបណ្តុះបណ្តាលបន្ថែម ដោយសារមានការវិវត្តយ៉ាងលឿនលើវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។