ថ្នាក់ដឹកនាំ​ខត្ត​សៀមរាប ទទួល​ស្វាគមន៍​ការរត់ ជាមួយ​សាយ​ប្រមូល​ថវិកា បាន​ជាង ៦​ម៉ឺន​ដុល្លារ ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

​កម្មវិធី​រត់​ជាមួយ​សាយ ៤​សែន​ជំហាន ដើម្បី​រៃអង្គាស​ថវិកា​ជួយសង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺមហារីក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​បងប្អូន​គ្រួសារ​ខ្មែរ​យើង​ស្គាល់​ឈ្មោះថា (​សាយ​) ជា​តារាចម្រៀង​ដ៏​មានឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានធ្វើ​ដំណើរ​រត់​ថ្មើ​ជើង​ចំងាយ​ប្រមាណ​៣០៣​គឺ​ឡូ​ម៉ែត្រ ក្នុង​រយៈពេល​៩​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០២២ ដោយ​ចេញដំណើរ​ពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្នាក់ការ​រាជធានី​ភ្នំពេញ ឆ្ពោះ​មកកាន់​ខេត្តសៀមរាប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។

ការរត់​នេះ​មកដល់​ខេត្តសៀមរាប​ក៏មាន​កា​ទទួល​ស្វាគមន៍​របស់លោក អ៉ឹ​ង គឹម​លាង អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក និង សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុង ស្រុក ដើម្បី​ចូលរួម​លើកទឹកចិត្ត​ចំពោះ “​សាយ​” និង​សហការី ក៏ដូចជា​ការចូលរួម​ជាមួយ​កម្មវិធី «៤​សែន​ជំហាន ដើម្បី​រយ​រៃអង្គាស​ថវិកា​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺមហារីក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​» ដើម្បី​ប្រមូល​ថវិកា ក្នុងការ​ទ្រទ្រង់​នូវ​សកម្មភាព​នៃ​ការព្យាបាល​កុមារ​កម្ពុជា ដោយ​ឥត​គិត​ថ្ងៃ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​។

​នាក​ឱកាស​នោះដែរ លោក អ៉ឹ​ង គឹម​លាង ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់​របស់លោក អូន បឋម ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​ជាការ​ក្រើនរំលឹក​សតិ​ស្មារតី របស់​ជនរួមជាតិ​ខ្មែ​រ​យើង ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា រួម​សាមគ្គី​គ្នា ក្នុងការ​ទ្រទ្រង់​ដល់​ធនធានមនុស្ស សំខាន់​ចំពោះ​សុខភាព​កុមារ ដែលជា​ទំពាំង​ស្នង​ប្ញ​ស្សី​នៃ​អនាគត​ប្រទេសជាតិ​។

​លោក​បាន​បន្ដថា សកម្មភាព​របស់លោក​នឹង​អាច​ក្លាយជា​គំរូ​សម្រាប់​យុវជន​កម្ពុជា​ដទៃទៀត ក្នុងការ​រួមចំណែក​ត​ប​ស្នង​ចំពោះ​ប្រទេសជាតិ ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន​។ ព្រោះ​ប្រជាពលរដ្ឋ​ម្នាក់ៗ​នៅក្នុង​សង្គមជាតិ គួរ​ចូលរួម​ចែករំលែក​ដោះស្រាយ​បញ្ហា​មិន​ថា​តូច​ឬ​ធំ រក្សា​ឲ្យ​បាន​នូវ​ការរួបរួម​គ្នា ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា ដែល​កុមារ​នៅ​កម្ពុជា​អាច​ទទួលបាន ឱកាស​ដូចៗ​គ្នា ក្នុងការ​លូតលាស់​ប្រកបដោយ​សុខភាព​បរិបូណ៌ និង​ក្លាយជា​ធនធានមនុស្ស​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ។ ​លោក​បាន​បញ្ជាក់ថា ការផ្ដល់​មូលនិធិ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ទោះ​តិចក្ដី​ឬ​ច្រើនក្ដី គឺ​ពិតជា​ទង្វើ​សប្បុរសធម៌ បង្កប់​ទៅដោយ​អត្ថន័យ​និង​ក្ដីមេត្តា​ដ៏​សម្បើម​សម្រាប់​ជីវិត​កុមារ​នៅ​កម្ពុជា​យើង​។​

​សូម​បញ្ចាក់​ផង​ដែលថា កម្មវិធី​រត់​ជាមួយ​សាយ ៤​សែន​ជំហាន ដើម្បី​រៃអង្គាស​ថវិកា​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺមហារីក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ លោក អូន បឋម (​សាយ​) បានប្រគល់​ថវិការ​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​នា​ព្រឹក​នេះ​បាន​ចំនួន​ជាង​៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ក្នុង​កម្ម​ពិធី​រៃអង្គាស​ថវិកា​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​ពី​ជំងឺមហារីក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​នេះ​ដែល លោក អូន បឋម (​សាយ​) សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​មេ​តាប​ន្ត​ជួយ​ឧបត្ថម​ថវិការ​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close