មនុស្ស​ស្លាប់​កើន​ដល់ ១២០​នាក់ ក្នុង​ហេតុការណ៍​បាក់​ស្ពាន នៅ​ប្រទេស​ឥណ្ឌា​

​ញូ​វ​ដេលី​៖ អាជ្ញាធរ​នៅក្នុង​ប្រទេស​ឥណ្ឌា បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ហេតុការណ៍​បាក់​ស្ពាន​មួយកន្លែង នៅក្នុង​រដ្ឋ ហ្គូ​ចា​រ៉ាត់ (Gujarat) ស្ថិតនៅ​ភាគ​ខាងលិច​នៃ​ប្រទេស​បាន​កើន​ដល់ ១២០​នាក់​ហើយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែតុលា ឆ្នាំ​២០២២​។​

​មនុស្ស​ជាង ៤០០​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្ថិតនៅលើ​ស្ពាន​ឆ្លងទន្លេ ម៉ា​ឈូ (Machhu) ស្ថិតនៅក្នុង​ទីក្រុង ម័​រ​ប៊ី (Morbi) កាលពី​ថ្ងៃអាទិត្យ នៅពេល ដែល​ស្ពាន​នេះ​បាន​បាក់​រលំ​។ ថ្លែងប្រាប់ AFP មន្ត្រី​ក្នុង​តំបន់​ម្នាក់​បានបញ្ជាក់​ដូច្នេះ​ថា «​យើង​បាន​រកឃើញ​សាកសព​មនុស្ស ១២០​នាក់​ហើយ មកទល់នឹង​ពេលនេះ រីឯ​ចំនួន​អ្នកស្លាប់​អាច​នឹងមាន​ច្រើនជាង​នេះ ខណៈ​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​បន្ត​ធ្វើឡើង​នៅឡើយ​»​។​

​គួរ​បញ្ជាក់ថា ស្ពាន​ខាងលើ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Morbi ស្ថិតនៅ​ចម្ងាយ​ប្រហែលជា ២០០​គីឡូម៉ែត្រ​ពី​ទីក្រុង អះ​ម៉េ​ដា​បាដ (Ahmedabad) នៃ​រដ្ឋ ហ្គូ​ចា​រ៉ាត់ ប៉ុន្តែ មិនទាន់មាន​ការបញ្ជា​ក់​ពី​មូលហេតុ​បណ្ដាលឱ្យ​ស្ពាន​ប្រវែង ២៣០​ម៉ែត្រ​នេះ​ដែល​សាងសង់​ក្នុង​ស​.​វ​ទី​១៩ បាក់​រលំ​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close