កម្ពុជា រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី និង​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក លើក​ទី​៥ កិច្ចប្រជុំ​រដ្ឋមន្ត្រី និង​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍ CLMV លើក​ទី​៦ ចាប់ពី​ថ្ងៃ​១-៥ វិច្ឆិកា នៅ​ខេត្តសៀមរាប​

ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញ​សេចក្ដី​ជូន ដំណឹង​ស្ដីពី​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី និង​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក (ACMECS) លើក​ទី​៥ (​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​) កិច្ចប្រជុំ​រដ្ឋមន្ត្រី និង​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​កម្ពុជា ឡាវ ម៉ី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) លើក​ទី​៦ អមដោយ​កិច្ចសន្ទនា​ទេសចរណ៍ ACMECS-CLMV លើក​ទី​១ ចាប់ពី​ថ្ងៃទី​១-៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​អនុតំបន់​ទាំងពីរ​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អេក​ម៉ិ​ក ដែល​ដឹកនាំ​ដោយ​កម្ពុជា និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី CLMV ដឹកនាំ​ដោយ​ឡាវ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងនោះ​កម្មវិធី​បើក​នឹង​ចាប់ផ្តើម​ដោយ​ការ​ស្តាប់​សារ​ស្វាគមន៍​ពិសេស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅវេលា​ម៉ោង​៩៖០០​ព្រឹក តាម​ទម្រង់​វីដេអូ​ថត​ទុក​មុន​ដែលមាន​រយៈពេល​៩​នាទី​និង​៣០​វិនាទី​។​

​រដ្ឋមន្ត្រី​និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​នៃ​អនុតំបន់​នីមួយៗ​នឹង​ពិភាក្សា​និង​វាយតម្លៃ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​ការងារ​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​រួមគ្នា ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អនុតំបន់​របស់ខ្លួន ស្របតាម​និន្នាការ​ទេសចរណ៍​នាពេល​បច្ចុប្បន្ន និង​អនាគត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close