សម្តេចតេជោ ហ៊ុន សែន ទទួលយកការអញ្ជើញរបស់លោក ហ្ស៊ែលឡិនស្គី ដើម្បីទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន
ភ្នំពេញ៖ ក្នុងជំនួបតាមទូរស័ព្ទ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលការអញ្ជើញរបស់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន ដើម្បីទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន តាមពេលវេលាសមស្រប។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា «ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី ក៏បានអញ្ជើញ សម្តេចតេជោនាយកដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសមស្រប»។ សេចក្តីប្រកាសបានបញ្ជាក់បន្ថែមថា «នៅចុងបញ្ចប់កិច្ចសន្ទនា សម្តេចតេជោនាយកដ្ឋមន្ត្រី បានទទួលយកសេចក្តីអញ្ជើញ សម្តេចទៅទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលវេលាសមស្រប»។
សម្តេចតេជោនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណអ៊ុយក្រែនដែលបានជួយគាំទ្រ និងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជាក្នុងកំឡុងទស្សវត្សរ៍៨០។ សម្តេចតេជោនាយកដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។
ពាក់ព័ន្ធនឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានស្នើឱ្យប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។
លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ។ លោកប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។