សម្តេច​តេ​ជោ ហ៊ុន សែន ចែករំលែក​៤​ចំណុច ដល់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​អេក​ម៉ិ​ក និង CLMV

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចែករំលែក ៤​ចំណុច ដល់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​អេក​ម៉ិ​ក និង CLMV ។​

​យោងតាម​សុន្ទរកថា ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​អេក​ម៉ិ​ក និង CLMV ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា ឆ្លងកាត់​វិបត្តិ​កូ​វីដ​-១៩ រយៈពេល​២​ឆ្នាំ កន្លងមកនេះ តួនាទី​នៃ​វិស័យ​ទេសចរណ៍ ត្រូវបាន​មើលឃើញ កាន់តែ​ចាំបាច់ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ភាព​រីកចម្រើន​របស់​ស​ង្គ​ម​ជាតិ ហើយ​ជាពិសេស​តួនាទី​ដ៏​សំខាន់ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជាតិ និង​ប្រជាជាតិ សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រទេស​ក្នុង​តំបន់​។​

ក្នុងន័យនេះ ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​អេក​ម៉ិ​ក និង CLMV ទាំង​ពេលបច្ចុប្បន្ន និង​អនាគត សម្តេច​តេ​ជោ ហ៊ុន សែន សូម​ចែករំលែក​នូវ​ការគិតគូរ​មួយចំនួន ដល់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ ដូចតទៅ​៖
* ទី​១៖ អេក​ម៉ិ​ក និង CLMV គួរ​បង្កើន​កិច្ចសហប្រតិបត្តិការ លើ​ការអភិវឌ្ឍ​ផលិតផល​ថ្មីៗ​ទៅវិញទៅមក និង​ផ្តល់នូវ​ភាពសំបូរ​បែប​ដល់​ទេសចរ ស្របតាម​ការប្រែប្រួល​និន្នាកា​ទេសចរណ៍ ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ ក្នុងន័យនេះ ប្រទេស​សមាជិក គួរ​បង្កើន​កិច្ចសហការ លើ​ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ ដែល​រួមមាន​ទេសចរណ៍​សហគមន៍​, អេកូ​ទេសចរណ៍​, ទេសចរណ៍​ផ្សងព្រេង​, ក​សិ​ទេសចរណ៍​, ទេសចរណ៍​សុខុមាលភាព​, ទេសចរណ៍​ម្ហូបអាហារ ជាដើម ដែល​ទាំងនេះ​ជា​តម្រូវការ​ទេសចរណ៍​កំពុង​កើនឡើង ហើយ​ចូលរួម​ដោយផ្ទាល់​ដល់​ការរីកចម្រើន​នៅ​មូលដ្ឋាន​។ ទន្ទឹមនឹងនេះ​ផងដែរ អេក​ម៉ិ​ក និង CLMV គួរ​ដាក់ចេញ​នូវ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ជួយ​គាំទ្រ​សហគ្រាស​ធន​តូច​បំផុត​, តូច និង មធ្យម (MSMEs) ឲ្យ​ក្លាយជា ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​
​វិស័យ​ទេសចរណ៍ ប្រកបដោយ​ភាព​ធន់ និង​ចីរភាព​។​
* ទី​២៖ ក្នុង​បរិបទ​ឌី​ជី​ថ​លូ​ប​នីយកម្ម ប្រទេស​អេក​ម៉ិ​ក និង CLMV គួរ​ជំរុញ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ លើ​ដំណើរការ​បរិវត្ត​កម្ម​ឌីជីថល ក្នុង​វិស័យ​ទេសចរណ៍ ក្នុងនោះ គួរ​ដក​ពិសោធន៍​គ្នា​ទៅវិញ ទៅ​មកលើ​ការអនុវត្ត​កម្មវិធី​អក្ខរកម្ម​ឌីជីថល ក្នុង​វិស័យ​ទេសច់រណ៍ ការអភិវឌ្ឍ​ជំនាញ​ឌីជីថល ក៏ដូចជា​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ឌីជីថល ក្នុងការ​បង្កើន​ផលិតភាព និង​ឧត្តមភាព​ប្រកួតប្រជែង​។​
* ទី​៣៖ អេក​ម៉ិ​ក និង​CLMV គួរ​គិតគូរ​ជំរុញ​លំហូរ​ទេសចរ​ផ្ទៃក្នុង​តំបន់​អា​ម៉ិ​ក (ACMECS-Intra
Traveler) និង លំហូរ​ទេសចរ​ផ្ទៃក្នុង​តំបន់ CLMV (CLMV-Intra Traveler) ដោយ​ត្រូវ​គិតគូរ​ផងដែរ លើ​ការបង្កើន​ការតភ្ជាប់​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក​បន្ថែមទៀត ព្រមទាំង​ជំរុញ​ទេសចរណ៍​បើកបរ ដោយ​ខ្លួនឯង (Self-Driving Tour)​។ សម្រាប់​ការទាក់ទាញ​ទេសចរ​ពី​ប្រទេស​ទី​៣ សម្តេច​តេ​ជោ ហ៊ុន សែន សូម​គាំទ្រ​ឲ្យ​បន្ត​ផ្សព្វផ្សាយ ក្រោម​យុទ្ធនាការ «​ប្រទេស​ប្រាំ គោលដៅ​ទេសចរណ៍​តែមួយ​» និង «​ប្រទេស​បួន គោលដៅ​ទេសចរណ៍​តែមួយ​»​។​
* ទី​៤៖ ដើម្បី​សម្របសម្រួល​ការអនុវត្ត​ផែនការ​សកម្មភាព​ទេសចរណ៍​អេក​ម៉ិ​ក និង CLMV ដែល​បានដាក់ចុះ សម្តេច​តេ​ជោ ហ៊ុន សែន សូម​គាំទ្រ​នូវ​ការគិតគូរ​បង្កើត​ឲ្យ​មាន​យន្តការ​ស្ថាប័ន​ទេសចរណ៍​អេក​ម៉ិ​ក និង CLMV ដែល​អាចជា​លេខាធិការដ្ឋាន ឬ​រចនាសម្ព័ន្ធ​ណាមួយ ហើយ​កម្ពុ​ជាមាន​សេចក្តី​រីករាយ​ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close