រដ្ឋធានី​ឥណ្ឌា គ្រប់​ដណ្តប់​ដោយ​ផ្សែង​អ័ព​យ៉ាង​គ្រោះថ្នាក់​ដល់​សុខភាព​

ជាតិពុល​គ្រោះថ្នាក់​នៅក្នុង​បរិយាកាស ទីក្រុង​ញូ​វ​ដេលី នៅ​ថ្ងៃទី ៣​ខែវិច្ឆិកា​ឈានដល់​កម្រិត​គ្រោះថ្នាក់ បំផុត ដោយសារតែ​ការដុត ជំ​បើ​ង …​នៅ​តំបន់​ភាគ​ជើង​គូប​ផ្សំ​ជាមួយ​ជាតិពុល​ក្នុង​បរិយាកាស​កខ្វក់ ធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ​កាន់តែ​អាក្រក់​។​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា​ប្រជាជន​ក្នុង​ទីក្រុង​ញូ​ដេលី ចំនួន​២០​លាន​នាក់​កំពុង​រង​ផលប៉ះពាល់​ពី​ខ្យល់អាកាស ដែល​ពោរពេញ​ទៅដោយ​ផ្សែង​អ័ព្ទ ខណៈដែល​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ បាន​ឡើងដល់​កម្រិត​គ្រោះថ្នាក់ នៅ​ទូទាំង​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា ជាហេតុ​នាំឱ្យ​មានការ​អំពាវ​ឲ្យ​បិទ​សាលារៀន​។​

​ទីភ្នាក់ងារ​កណ្តាល​សម្រាប់​ត្រួតពិនិត្យ​ការបំពុល​បរិយាកាស បាន​ឲ្យ​ដឹងថា ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ បាន​កើនឡើង​លើស​ចំនួន​៤៥០ នៅ​កន្លែង​ជាច្រើន​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ម៉ោង​ក្នុង​តំបន់​)​។ រដ្ឋាភិបាល​សហព័ន្ធ បាន​និយាយថា ស​ន្ទ​ស្សន៍​លើសពី​ចំនួន ៤០០ គឺអាច​ជះ​ផលប៉ះពាល់​ដល់​មនុស្ស​ដែលមាន​សុខភាព​ល្អ​បាន ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែលមាន​ជំងឺ​ស្រាប់​។ ចំណែក​នៅក្នុង​ទីក្រុង​ញូ​ដេលី ស​ន្ទ​ស្សន៍​បាន​កើនឡើង​រហូតដល់​ចំនួន​៨០០ ឯណោះ​។​

​លោក ស៊ូ​ហែល សិត (Suhel Seth) ជា​បុគ្គល​មានមុខមាត់​ម្នាក់​ក្នុងសង្គម​ឥណ្ឌា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក​យ៉ាង​ដូច្នេះ​ថា «​អ្វីដែល​កំពុង​កើតឡើង​ពី​ការបំពុល​បរិយាកាស​ក្នុង​ទីក្រុង​ញូ​ដេលី គឺ​ប្រៀបបាន​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​»​។ ចំណែក ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស បាន​អំពាវនាវ​ឲ្យ​បិទ​សាលារៀន​។​

​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា ដែល​រង​ការបំពុល​ខ្លាំង​បំផុត​នៅលើ​ពិភពលោក តែង​ត្រូវបាន​គ្របដណ្តប់​ដោយ​ផ្សែង​អ័ព្ទ​ជា​រៀងរាល់ថ្ងៃ ឱ្យតែ​ដល់​រដូវរងា ដោយសារតែ​អាកាសធាតុ​ត្រជាក់ ខ្យល់​ខ្លាំង ធូលី​សំណង់ ការ​បំ​ភាយ​ឧស្ម័ន​នៃ​យានជំនិះ និង​ផ្សែង​ពី​ការដុត​កម្ទេចកម្ទី​កំណក​ដំណាំ ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close