សហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ កម្រិតមូលដ្ឋាន
ខេត្តកំពត៖ លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាឡើងភ្នំធម្មជាតិ កម្រិតមូលដ្ឋាន ឆ្នាំ២០២២ នៅស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងពិធីនេះមានការចូលរួមលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោក ណុប ណាប់ ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច និងសិក្ខាកាមទាំងអស់។
លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា លើការអភិវឌ្ឍធនធានមនុស្សផ្នែកគ្រូបង្វឹក ដើម្បីទៅបង្ហាត់ដល់កីឡាករ-កីឡាការិនីប្រកបដោយប្រសិទ្ធិភាព ពីព្រោះប្រភេទកីឡាឡើងភ្នំធម្មជាតិ មានការពេញនិយម នៅបរទេសទាំងអាស៊ី និងនៅអឺរ៉ុប។
ដើម្បីចូលរួមសកម្មភាព នៅក្នុងតំបន់ និងនៅលើពិភពលោក សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ខិតខំជំរុញបំផុសឲ្យប្រជាជនកម្ពុជា បានស្គាល់បានដឹង និងចេះលេងកីឡាមួយនេះ ព្រោះប្រទេសកម្ពុជា យើងជាប្រទេសមួយសំបូរទៅដោយភ្នំធម្មជាតិ មានលក្ខណៈល្អសម្រាប់បម្រើឲ្យ វិស័យកីឡាឡើងភ្នំធម្មជាតិ ជាពិសេសភ្នំកំពង់ត្រាចយើងនេះ តាមរយៈការចុះពិនិត្យផ្ទាល់ របស់មន្ត្រីជំនាញលោក Maman Hermansyah ជាប្រធានទទួលបន្ទុកបច្ចេកទេស SEACF កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ គាត់បានបញ្ជាក់ថា ភ្នំកំពង់ត្រាចមានលក្ខណៈល្អ អាចឲ្យយើងរៀបចំព្រឹត្តិការណ៍ កីឡាឡើងភ្នំជាលក្ខណៈអន្តរជាតិបាន។
លោកប្រធានសហព័ន្ធបានបន្ថែមទៀតថា ដោយមើលឃើញពីសក្តានុពល នៃភ្នំកំពង់ត្រាចនេះ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា សម្រេចជ្រើសរើសរៀបចំវគ្គគ្រូបង្វឹកកីឡាលើងភ្នំធម្មជាតិនេះ ជាលើកដំបូងនៅកម្ពុជា ក្នុងគោលបំណងជំរុញឲ្យប្រជាជន ដែលនៅជិតតំបន់ភ្នំកំពង់ត្រាចនេះ បានប្រើប្រាស់ភ្នំ បានលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព កាត់បន្ថយសេវាសុខាភិបាល និងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នាំចំណូលដល់ប្រជាជន នៅក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះ ប្រធានសហព័ន្ធបានបញ្ជាក់ថា សហព័ន្ធកីឡាឡើងភ្នំអាស៊ីអាគ្នេយ៍ មានបំណងចង់ឱ្យ ប្រទេសដែលជាសមាជិក និងសហព័ន្ធកីឡាឡើងភ្នំអន្តរជាតិគាំទ្រ ឱ្យសហព័ន្ធកីឡាឡើងភ្នំកម្ពុជាយើង ទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ប៉ុន្តែពិនិត្យមើលទៅឃើញថា យើងពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះនេះទេ។
ការធ្វើជាម្ចាស់ផ្ទះយើងត្រូវផ្តោតលើលទ្ធផល រំពឹងទុកសំខាន់ៗ ៤គឺទី១ ត្រូវមានកីឡាករល្អៗចូលរួមប្រកួត អាចទទួលបានមេដាយ ទី២ មានគណៈកម្មការបច្ចេកទេសកម្រិតអន្តរជាតិ ចូលរួមដឹកនាំការប្រកួតជាមួយគណៈកម្មការ មកពីអន្តរជាតិ ទី៣ ត្រូវមានជញ្ជាំងលក្ខណៈតង់ដាអន្តរជាតិ សម្រាប់រៀបចំ និងទី៤ សង្ឃឹមថារូបភាពជាម្ចាស់ផ្ទះ ចេញមកល្អ មានការកោតសរសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។