សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ លើក​ទី​៤១ កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ចសន្ទនា​អាស៊ាន​ជា​សាកល​លើក​ទី​២ ពីថ្ងៃ​ទី​១០-១៣ ខែវិច្ឆិកា​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ លើក​ទី​៤១ កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​កិច្ចសន្ទនា​អាស៊ាន​ជា​សាកល​លើក​ទី​២ ពីថ្ងៃ​ទី​១០ ដល់ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។​

​អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បញ្ជាក់ថា ព្រឹត្តិការណ៍​ថ្នាក់​កំពូល​ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល ៤​ថ្ងៃនេះ រួមមាន​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២៣ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២៥ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​៣០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​១០ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី លើក​ទី​២ កិច្ចប្រជុំ​កំពូល​រំ​ព្ញ​ក​ខួប​នៃ​ទំនាក់ទំនង​អាស៊ាន​-​កាណាដា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​កំពូល​អា​ស៉ី​បូព៌ា លើក​ទី​១៧​។​

​នៅ​មុនពេល​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល ប្រមុខរដ្ឋ​/​រាជរដ្ឋាភិបាល​អាស៊ាន នឹង​ជួប​សវនាការ​ជាមួយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយ​ប្រមុខរដ្ឋ​/​រាជរដ្ឋាភិបាល​អាស៊ាន​ដទៃទៀត នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​ជំនួប​ដោយឡែក​ពីគ្នា​ជាមួយ​តំណាង​នៃ​អន្តរ​សភា​អាស៊ាន តំណាង​នៃ​យុវជន​អាស៊ាន និង​តំណាង​នៃ​ក្រុមប្រឹក្សា​អ្នក​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​។​

​ថ្នាក់ដឹកនាំ​ក៏​នឹងចូលរួម​ក្នុង​កិច្ចសន្ទនា​អាស៊ាន​ជា​សាកល​លើក​ទី​២ ស្តីពី​ការ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែល​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​អង្គការ​អន្តរជាតិ​សំខាន់ៗ​មួយចំនួន​ផងដែរ​។ ថ្នាក់ដឹកនាំ​នៃ​ដៃគូ​សន្ទនា​អាស៊ាន​មួយចំនួន ក៏​រំពឹងថា​នឹងចូលរួម​ក្នុង​កិច្ចសន្ទនា​នេះ​ផងដែរ​។​

​នៅក្នុង​ពិធី​បិទ​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ជូន​លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៉ី ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំក្រោយ​។​ ​នៅ​រវាង​កិច្ចប្រជុំ​ដែល​បានគ្រោង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​ប្រតិភូ​មួយចំនួន​ផងដែរ​។​

​ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍ នយោបាយ​-​សន្តិសុខ​អាស៊ាន លើក​ទី​២៥ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​៣១​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អា​ស៉ី​អាគ្នេយ៍ (TAC) ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន និង​អេ​ស្ប៉ា​ញ​។ លោក​ក៏​រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ឥស្សរជន​មួយចំនួន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close