រុស្ស៊ី​ មាន​យុទ្ធសាស្ត្រ​អ្វី​បន្ថែមទៀត ក្រោយ​សម្រេច​ដក​ទាហាន​ចេញពី​តំបន់ Kherson

​អគ្គលេខា​ណា​តូ ៖​មិនត្រូវ​មើលស្រាល​រុស្ស៊ី​នោះឡើយ បើ​ទោះ​ដក​ទាហាន​ចេញពី​តំបន់ Kherson នោះឡើយ ។ ប្រមុខ​អង្គការ​ណា​តូ (NATO) លោក Jens Stoltenberg នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​សាទរ​ចំពោះ​ការដកថយ​របស់​កង​ទ័ព​រុស្ស៊ី​ចេញពី ច្រាំង​ខាងលិច នៃ​ទន្លេ​ឌី​នី​ប្រូ ថា​ជា​ជ័យជម្នះ​សម្រាប់​អ៊ុយ​ក្រែ​ន តែ​លោក​បាន​ជំរុញ​ដល់​លោកខាងលិច​កុំ​មើលស្រាល​លទ្ធភាព​របស់​ទីក្រុង​មូ​ស្គូ ក្នុងការ​ត្រលប់​មកវិញ​។​

​នៅពេល​ត្រូវបាន​សួរ​អំពី​ការដកថយ​របស់​កង​ទ័ព​រុ​ស្ស៉ី លោក ស្តូ​ល​ធិ​ន​បឺ​គ បាន​ប្រាប់​អ្នកសារព័ត៌មាន ក្នុង​ទីក្រុង​ឡុង​ដ៏​នៃ​ចក្រភព​អង់គ្លេស យ៉ាង​ដូច្នេះ​ថា «​កងកម្លាំង​របស់ ទីក្រុង​កៀវ ចាំបាច់​ត្រូវ​ពង្រឹងសមត្ថភាព​ដើម្បី​រំដោះទឹកដី​អ៊ុយ​ក្រែ​ន​បន្ថែមទៀត ហើយ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដថា ការគាំទ្រ​ដែល​ពួកគេ​ទទួលបាន​ពី​ចក្រភព​អង់គ្លេស ពី​សម្ព័ន្ធមិត្ត និង​ដៃគូ​ណា​តូ គឺ​មិនអាច​ខ្វះ​បាន​»​។​

​លោក ស្តូ​ល​ធិ​ន​បឺ​គ បាន​បន្ថែមថា «​យើង​បានឃើញ​ការប្រកាស​នេះហើយ ប៉ុន្តែ​យើង​នឹង​រង់ចាំ​មើលថា​តើ​មាន​អ្វី​កើតឡើង​បន្តទៀត​។ យើង​មិនគួរ​មើលស្រាល​រុស្ស៊ី​ឡើយ​។ ពួកគេ​នៅតែមាន​សមត្ថភាព​។ ជាការ​ពិត ការវាយប្រហារ​ដោយ​មី​ស៉ី​ល និង​ដ្រូ​ន រយៈពេល​ជាង​១​ខែ​នេះ បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​របស់​អ៊ុយ​ក្រែ​ន ក៏ដូចជា​សម្លាប់​ជន​ស៉ី​វិល​ផងដែរ​»​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu នៅ​ថ្ងៃ​ពុធ​នេះ បាន​បញ្ជា​ឲ្យ​កងទ័ព​រុ​ស្ស៉ី ដកខ្លួន​ចេញពី​ទីក្រុង​ខឺ​សុន ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាទី​ដែល កងកម្លាំង​អ៊ុយ​ក្រែ​ន បាន និង​កំពុង​វាយបក​យ៉ាង​លឿន​ឆ្ពោះទៅមុខ​ជាច្រើន​សប្តាហ៍​ក​ន្ល​ង​មកនេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close