កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជាមួយ លោក Chen Zhong អគ្គនាយករង នៃក្រុមហ៊ុន China Communications Construction Group Co., Ltd. (CCCG) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជាច្រើនរូប។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន CCCG ដែលបានសម្រេចការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយជោគជ័យ និងបានបើកសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ក៏ដូចជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ច នាពេលអនាគតរបស់កម្ពុជា ដោយបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតនេះ។
ជាមួយគ្នានេះ លោក Chen Zhong បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដែលបានផ្ដល់ការគាំទ្រ សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងក្លាយជាកត្តាជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងកម្ពុជា និងវៀតណាម តាមរយៈការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការឆ្លងកាត់ព្រំដែន។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា ១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ គម្រោងនេះរួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១,៦៣៨ លានដុល្លារអាមេរិក។
បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមជាមួយក្រុមហ៊ុនទទួលបន្ទុកសាងសង់ កំពុងពិនិត្យកែសម្រួលឱ្យរួចរាល់ចំណុចសេសសល់មួយចំនួន ក្នុងកិច្ចព្រមព្រៀងសម្បទាន ដើម្បីឈានទៅរកសេចក្តីសម្រេចរួមជាផ្លូវការ ហើយគ្រោងនឹងចុះហត្ថលេខា ក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន នាដើមឆ្នាំ២០២៣ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។