«ប៊ុនធឿនស្ម័គ្រស្មោះស្រណោះវិធាវី ស៊ូសូន្យជីវីដើម្បីស្នេហា បន្សល់ចិញ្ចៀនទទឹមនិងសារ សូមប្រុសរៀមរ៉ារៀបការស្រីថ្មី»
បើនិយាយដល់គូស្នេហ៍យុវវ័យស្ម័គ្រស្មោះកម្សត់ ឬគូស្នេហ៍ក្បត់ចិត្តនោះ គេមិនសូវបំភ្លេចឡើយតួអង្គប៊ុនធឿន និងនាងវិធាវី ក្នុងរឿង«ផ្កាស្រពោន» របស់អ្នកនិពន្ធ នូ ហាច ដែលបានតាក់តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ក្នុងសម័យអាណានិគមបារាំង។ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាស់របស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ(ឱ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។
សូមនាំអារម្មណ៍បងប្អូនទៅកាន់អតីតកាលដ៏ស្រស់ត្រកាលពីក្មេងស្តាប់សំឡេងរឿងនិទាននេះតាមវិទ្យុ បណ្តែតអារម្មណ៍ជាមួយការរៀបរាប់យ៉ាងក្បោះក្បាយពីសិល្បករ-សិល្បការិនី ពេលនេះនាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ គឺដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់។
សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។