ដំណើរទស្សនកិច្ចប្រតិភូជាន់ខ្ពស់ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រតិភូអមដំណើរ មកបំពេញទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
កំឡុងពេលទស្សនកិច្ច ឯកឧត្ដម ក៏ជួបជាមួយជនរងគ្រោះមានជីវិតពីមន្ទីរស-២១ ដើម្បីស្វែងយល់ពីបទពិសោធន៍ឆ្លងកាត់ និងស្ថានភាពរស់នៅនាពេលនោះ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដម និងគណ:ប្រតិភូក៏បានទស្សនា និង ស្វែងយល់អំពីលទ្ធផលនៃការអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ដែលទទួលបានការឧបត្ថម្ភពីអង្គការ KOICA និងសម្របសម្រួលដោយអង្គការ UNESCO ។
ឯកឧត្ដម បានសម្ដែងនូវអារម្មណ៍សោកស្ដាយចំពោះរឿងរ៉ាវដែលបានកើតមានមកលើប្រជាជនកម្ពុជាក្នុងសម័យខ្មែរក្រហម និងជនរងគ្រោះនៅអតីតមន្ទីរ ស-២១។ ឯកឧត្ដម ក៏សន្យានឹងចែករំលែករឿងរ៉ាវដែលបានដឹងទៅកាន់ក្រុមគ្រួសារ កូន ចៅជំនាន់ក្រោយបានដឹងបន្ថែម។ បន្ថែមលើនេះ ឯកឧត្តម ក៏បានបញ្ជាក់ពីគោលជំហរនៃការការពារកុំឲ្យរបបនេះកើតមានសារជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។