ក្រសួងកសិកម្ម ប្រកាស​ព័ត៌មាន អំពី​ការធ្លាក់ចុះ​នៃ​ថ្លៃ​ស្រូវ​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា ក្រសួង​បានដឹង រួច​ហើយពី​ការធ្លាក់ចុះ​នៃ​ថ្លៃ​ស្រូវ​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ នាពេល​ថ្មីៗ​នេះ​។ ជា​ដំណោះស្រាយ ក្រសួង​បាន​ចាត់​បញ្ជូន ឯកឧត្តម​អនុរដ្ឋលេខាធិការ ចំនួន​២​រូប គឺ ឯកឧត្តម ឃី កុសល និង​ឯកឧត្តម ឈុំ ឆុន​លី ព្រមទាំង​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ចុះទៅពិនិត្យ​ជាក់ស្ដែង និង​រក​ដំណោះស្រាយ​សមស្រប នៅនឹងកន្លែង​ជូន​បងប្អូន​ប្រជាកសិករ​។​

​សូម​ជ្រាបថា ពេញ​មួយខែ​វិច្ឆិកា រហូតដល់​ពាក់កណ្ដាល​ខែធ្នូ គឺជា​ពេលវេលា​ប្រមូល​ផល​ស្រូវ​រដូវវស្សា ជាពិសេស​ប្រភេទ​ពូជស្រូវ​ផ្ការំដួល ដែលជា​ហេតុ​ធ្វើឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​កំពុង​កកស្ទះ និង​ជះឥទ្ធិពល​ដល់​ថ្ល ស្រូវ​ដូច​កាលពី​ឆ្នាំ​កន្លងទៅ​ដែរ​។ ឆ្នាំនេះ បើទោះបីជា​ដំណាំ​ស្រូវ​ត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ក៏ដោយ ក៏​ការប្រមូល​ផល​នៅតែមាន​ច្រើន និង​សម្រុក​ធ្វើឡើង​ព្រមៗ​គ្នា​ចាប់ពី​ដើមខែ​វិច្ឆិកា​មក​។​

​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ រោង​ម៉ាស៊ីនកិនស្រូវ​ជាច្រើន​កំពុង​មមាញឹក​ក្នុងការ ប្រមូល​ទិញ ស​ម្ងួ​ត និង​កិនស្រូវ​ប្រភេទ​ផ្ការំដួល​នេះ ទៅតាម​សមត្ថភាព និង​លទ្ធភាព​រៀងៗ​ខ្លួន​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាកសិករ​ដែល​ជួប​បញ្ហា​ជាក់ស្តែង ឱ្យ​ទាក់ទង​ផ្ទាល់​មក​ក្រុមការងារ​របស់​ក្រសួង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៩៥១ ១១១ (​សម្រាប់​ខេត្តបាត់ដំបង​) និង​លេខ ០១២ ៨៣៨ ៩៣៧ (​សម្រាប់​ខេត្តបន្ទាយមានជ័យ​) ដើម្បីឱ្យ​ក្រុមការងារ​ក្រសួង​អាច​ទទួលបាន​ព័ត៌មាន ពេញលេញ និង​ធ្វើការ​សម្របសម្រួល​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​នៅក្នុង​តំបន់​។​

​ទន្ទឹមគ្នានេះ ក្រសួង​សូម​អំពាវនាវ​ឱ្យ​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​បញ្ឈប់​នូវ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ដែលថា​ក្រសួង​មិន​អើពើ​ជួយ​ដោះស្រាយ​។ ការ​បង្ហោះ​ព័ត៌មាន​បែបនេះ​នឹង​បង្ក​ការ​ភ័យ​បារម្ភ​ដល់​ប្រជាកសិករ ដែល​មិនទាន់​ដល់ពេល​ប្រមូល​ផល ឱ្យប្រញាប់​ច្រូតស្រូវ​មិនទាន់​គ្រប់​គុណភាព​ដើម្បី​លក់ ដែល​ធ្វើឱ្យ​ថ្លៃ​ស្រូវ កាន់តែ​ធ្លាក់ចុះ​ថែមទៀត​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​សហការ ក្នុង​ស្មារតី​ស្ថាបនា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close