សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ ផ្ញើ​ព្រះរាជសារ​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ឆាប់​ជា​ពី​ជំងឺ​កូ​វីដ​១៩ និង​មាន​សុខ​ភាពល្អ​បរិបូរណ៍​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ បាន​ផ្ញើ​ព្រះរាជសារ​ជូនពរ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ឆាប់​ជា​ពី​ជំងឺ​កូ​វីដ​១៩ និង​មាន​សុខ​ភាពល្អ​បរិបូរណ៍​។

​បើតាម​ព្រះរាជសារ​របស់​សម្តេច​ម៉ែ បាន​បញ្ជាក់ថា «​ខ្ញុំ​បានទទួល​ព័ត៌មាន ស្ដីអំពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ បាន​តេស្ដ​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុងឱកាស​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​ជាតិ​ដ៏​ឆ្នើម ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​បំផុត ក្នុង​ការកសាង​សមិទ្ធផល​ជាតិ​លើ​គ្រប់​វិស័យ ព្រមទាំង​បាន​ខិតខំ​បំបាត់​ភាពក្រីក្រ​ក្នុងសង្គម​ជាតិ​។ ជាពិសេស​ក្នុងនាម​ជា​ប្រធាន អាស៊ាន​ប្តូរ​វេន បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​រយៈពេល​៤​ថ្ងៃ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ បាន​នាំមក​នូវ​កេរ្ដិ៍ឈ្មោះ និង​កិត្តិយស ព្រមទាំង​បាន​លើកតម្កើង​កិត្យានុភាព នៃ​ប្រជាជាតិ​យើង​នៅលើ​ឆាក​អន្តរជាតិ​។​

​ខ្ញុំ​សូម​ប្រសិទ្ធពរ និង​សូម​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ ទសបារមី និង​វត្ថុ​ស័ក្តិសិទ្ធិ​នានា​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ឱ្យ​ឆាប់​ជាសះស្បើយ​ពី​រោគា និង​សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​វាងវៃ ទិ​ឃា​យុ​យឺនយូរ ដើម្បី​បំពេញភារកិច្ច​បម្រើ ជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​ជាទី​ស្រឡាញ់ ជា​បន្តទៀត​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close