កម្ពុជា រៀបចំ​ពិព័រណ៍​អន្តរជាតិ បង្ហាញ​ម្ហូបអាហារ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ដើម្បី​លើកស្ទួយ​ទេសចរណ៍​កម្ពុជា​

​ភ្នំពេញ​៖ សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ផ្ដួចផ្ដើម​រៀបចំ​ពិព័រណ៍​ខ្នាត​អន្តរជាតិ​បង្ហាញ​ពី​ម្ហូបអាហារ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា (CAMFOOD’22 and CAMBUILD’22) ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ ក៏ដូចជា​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​ទស្សនា​កម្ពុជា និង​ទទួលយក​នូវ​រសជាតិ​ម្ហូបអាហារ​នៅ​កម្ពុជា​ផងដែរ​។​

​ពិព័រណ៍​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦-១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​សាល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិធី​បើកសម្ពោធ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ឯកឧត្ដម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​។​ ពិព័រណ៍​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន​សំខាន់ៗ រួមមាន សមាគម​អូ​តែ​ល​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា សមាគម​សហគម​ចុងភៅ​កម្ពុជា និង​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា និង​គណៈ​សា្ថ​ប​ត្យ​ករ​កម្ពុជា​។​

​លោក DARREN SIOW អ្នកគ្រប់គ្រង​និង​រៀបចំ​កម្មវិធី​នេះ​បាន​លើកឡើងថា ការ​ត្រលប់​មកវិញ​នៃ​ព្រឹត្តិការណ៍ CAMFOOD’22 and CAMBUILD’22 ក្នុងឆ្នាំនេះ គឺជា​សញ្ញា​ដ៏​រឹងមាំ​មួយ​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ចជាតិ​នៅ​កម្ពុជា បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩​រយៈពេល​២​ឆ្នាំ​។​ ​លោក​បន្តថា ព្រឹត្តិការណ៍​នេះ​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ម្លេះ តែ​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩​បាន​រាតត្បាត​ធ្វើឱ្យ​យើង​ខកខាន​អស់​រយៈពេល​២ (២០២០-២០២១)​។ ការ​ត្រឡប់មកវិញ​នៃ​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០២២ ត្រូវបាន​គេ​មើលឃើញថា​ជាស​ញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​

​លោក លូ ម៉េង បានឱ្យដឹង​ដែរ​ថា ពិព័រណ៍ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវមាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​ពិព័រណ៍​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​សម្រាប់​វិស័យ​ម្ហូបអាហារ សណ្ឋាគារ បដិសណ្ឋារកិច្ច និង​ឧស្សាហកម្ម​សំណង់ ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង​ជាតិ​និង​អន្តរជាតិ​សរុប​ជាង​២៥០ ក្នុងការ​ចូលរួម​ដាក់​តាំង​បង្ហាញ​ផលិតផល​និង​សេវាកម្ម​ពាក់ព័ន្ធ ហើយ​រំពឹងថា​នឹង​ទាក់ទាញ​អ្នកទស្សនា​ជាង​១០,០០០​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃ​។​

​លោក លូ ម៉េង បាន​បន្តថា បន្ថែម​លើសពីរ​ការតាំងពិព័រណ៍​នេះ​បាន​សហការ​ជាមួយ​សមាគម​សណ្ឋាគារ​កម្ពុជា​រៀបចំ​បង្កើត​វេទិកា​ស្វែង​ការងារ​សម្រាប់​វិស័យ​បដិសណ្ឋារកិច្ច ក៏ដូចជា​ការប្រកួតប្រជែង​រៀបចំ​គ្រែ របៀប​រចនា​និង​តុបតែង​ផ្កា និង​សិក្ខាសាលា​ចែករំលែក​អំពី​ប​ចេ្ច​ក​ទេស ការច្នៃប្រឌិត​ថ្មីៗ ផ្នែក​វិស័យ​ការ​ហ្វេរ ការគ្រប់គ្រង​បដិសណ្ឋារកិច្ច និង​សំណង់​ជាដើម​ដែល​រៀបចំឡើង​ដោយ​អ្នកជំនាញ​ជាច្រើន​។​

​នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា កា​រៀបចំ​ឱ្យមាន​ពិព័រណ៍​វិស័យ​ផ្គត់ផ្គង់​ម្ហូបអាហារ សណ្ឋាគារ និង​សំណង់ ខ្នាត​អន្តរជាតិ​នេះ គឺ​ស្រប​ពេលដែល​កម្ពុជា​កំណត់ថា ឆ្នាំ​២០២២​ជា​ឆ្នាំ​ដំបូង​នៃ​ដំណើរ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ជា​ដំណាក់​នៃ​ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close